(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់ឲ្យបញ្ឈប់ជាបន្ទាន់នូវការលក់-ទិញដីធ្លី ក្នុងតំបន់ការពារធម្មជាតិ តំបន់សហគមន៍ និងក្នុងគម្របព្រៃឈើ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
រដ្ឋបាលខេត្តកោះកុង បានឲ្យដឹងថា ថ្មីៗនេះ នៅតាមបណ្ដាភូមិ ឃុំមួយចំនួន ជាពិសេសនៅក្នុងស្រុកបូទុមសាគរ ស្រុកកោះកុង ស្រុកគិរីសាគរ ស្រុកថ្មបាំង និងនៅតាមតំបន់មួយចំនួនទៀត មានការទិញ-លក់ ដីស្ថិតក្នុងតំបន់ការពារធម្មជាតិ តំបន់សហគមន៍ និងក្នុងគម្របព្រៃឈើយ៉ាងអណាធិបតេយ្យ ។
ការទិញ-លក់ដីធ្លី ដោយមិនមានការចូលរួមចុះពិនិត្យ និងវាស់វែងត្រឹមត្រូវ របស់មន្ត្រីពាក់ព័ន្ធនឹង មន្ត្រីភូមិបាល នៃរដ្ឋបាលក្រុង ស្រុក ដោយគ្រាន់តែផ្តិតមេដៃ រវាងអ្នកលក់ និងអ្នកទិញ យ៉ាងនេះ គឺជាទង្វើខុសច្បាប់។
រដ្ឋបាលខេត្តកោះកុង រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ នឹងចាត់ទុកជាមោឃៈ និងបដិសេធចោលនូវរាល់ការលក់-ទិញដីធ្លីទាំងអស់ ដែលពុំមានលក្ខណៈត្រឹម ត្រូវតាមផ្លូវច្បាប់ និងត្រូវប្រឈមការផ្តន្ទាទោសទៅតុលាការតាមផ្លូវច្បាប់។
ដើម្បីចៀសវាងនូវទង្វើខុសច្បាប់ និងការខាតបង់ប្រយោជន៍ពីការលក់-ទិញដីធ្លីនេះ សូមសាធារណជន និងប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការលក់-ទិញដីធ្លី មិនស្របតាម ផ្លូវច្បាប់បែបនេះ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកោះកុង៖