(ភ្នំពេញ)៖ ឧកញ៉ា ហូរ ចំរើន មានសំណុំរឿងគេប្ដឹងជាច្រើននៅសាលាដំបូងរាជធានីភ្នំពេញនោះ ត្រូវសភាស៊ើបសួរ នៃសាលាឧទ្ធរណ៍បដិសេធបណ្ដឹងសុំនៅក្រៅឃុំ ពោលគឺសម្រេចឲ្យបន្តជាប់ពន្ធនាគារដដែល ដូចដែលសាលាដំបូងរាជធានីភ្នំពេញសម្រេចយ៉ាងដូច្នេះ។
ការសម្រេចមិនអនុញ្ញាតឲ្យជនជាប់ចោទរូបនេះនៅក្រៅឃុំជាបណ្ដោះអាសន្ន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយមានលោក លាង សំណាត់ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងមានលោក ង៉ែត សារ៉ាត់ ជាតំណាងមហាអយ្យការ។
សូមជម្រាបជូនថា ជនជាប់ចោទ ហូរ ចំរើន តែងតែត្រូវមន្ត្រីពន្ធនាគារនាំខ្លួនទៅតុលាការដោយប្រើរថយន្ដទំនើបផ្ទាល់ខ្លួន ក្នុងសម្លៀកបំពាក់ដាក់ក្នុងខោ (ទ្រនុយ) ដោយមានអាវធំពាក់ពីខាងលើ ស្បែកជើងប៊ូរលើបរលោងយ៉ាងសង្ហា។
មន្ត្រីពន្ធនាគារព្រៃស បានបង្ហើបថា ជនជាប់ចោទ ហូរ ចំរើន បានសុំប្តូរពីពន្ធនាការព្រៃស ទៅពន្ធនាគាររាជធានីភ្នំពេញ (PJ) វិញ ប៉ុន្ដែជាក់ស្ដែងជនជាប់ចោទបច្ចុប្បន្នកំពុងសម្រាកព្យាបាល ជំងឺនៅមន្ទីរពេទ្យរុស្ស៊ី។
សូមជម្រាបថា ឧកញ៉ា ហូរ ចំរើន កំពុងជាប់បណ្តឹងឆបោកប្រាក់ចំនួន៣ករណី ក្នុងទំហំទឹកប្រាក់ប្រមាណជា២០០លានដុល្លារ ដែលពាក់ព័ន្ធគម្រោងវិនិយោគ កសាងមន្ទីរពេទ្យ សាលារៀន នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល របស់ក្រុមហ៊ុនចិន ដែលមានបុរសជនជាតិចិនឈ្មោះ ហាន់ គឿក ជាដើមបណ្ដឹង។ ឧកញ៉ា ហូរ ចំរើន ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសដាក់គុក ១៨ខែ ព្រោះរឿង បាញ់គំរាមសម្លាប់ប្រពន្ធ។
អតីតមន្រ្តីយោធារូបនេះ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ពាក់ព័ន្ធ ករណី បាញ់បោះជិត១០គ្រាប់ គំរាមលោកផ្កាយ២ យិន គា ដែលជាប៉ាក្មេកផ្អើលសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕