(បន្ទាយមានជ័យ)៖ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់អង្គភាព Fresh News ថា ដោយមានការព្រមព្រៀងគ្នា ភាគីថៃបានអនុញ្ញាតឲ្យអាជីវករខ្មែរបើករថយន្តចូល ទៅដឹកទំនិញចំនួន៥០គ្រឿង ចាប់ពីថ្ងៃទី១៥ ខែកកដ្កា ឆ្នាំ២០២០ ហើយក្នុងរថយន្ត១គ្រឿង មានមនុស្សតែ២នាក់ ក្នុងនោះមានអ្នកបើក និងព្រូ។
លោក ង៉ោ ម៉េងជ្រូន បានបញ្ជាក់ថា អ្នកបើកបររថយន្ត និងអ្នករួមដំណើរសូមអនុវត្តតាមច្បាប់ឆ្លងដែន ពោលត្រូវបង្ហាញឯកសារចេញ និងចូលប្រទេសរហូតទាល់តែបានធ្វើលិខិតបញ្ជាក់ពីទំនិញ និងបញ្ជាក់ពីកន្លែងចំណត និងទីតាំងបញ្ជូនទំនិញឲ្យបានជាក់លាក់។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះអ្នកធ្វើដំណើរចូលមកដឹកទំនិញ ត្រូវមានអ្នកបើកម្នាក់ និងអ្នករួមដំណើរម្នាក់ ហើយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល រួមមាន៖ ត្រូវពាក់ម៉ាសឲ្យបានជាច្រចាំ, វាស់កំដៅសិនទើបអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់, រាយនាមអ្នកបើកយានយន្ត លិខិតបញ្ជាក់ពីការបញ្ជូនទំនិញ ឯកសារឆ្លងដែនមានលិខិតឆ្លងដែនបណ្ណព្រំដែន និងបណ្ណឆ្លងដែនបណ្ណោះអាសន្ន។
លោកបានបញ្ជាក់ថា រថយន្តទាំង៥០គ្រឿងនោះ ត្រូវគោរពតាមពេលវេលាដែលត្រូវឆ្លងកាត់ ចាប់ពីម៉ោង ៨ព្រឹក ហើយធ្វើដំណើរត្រឡប់មកវិញនៅវេលាម៉ោង១ថ្ងៃត្រង់ ក្នុងមួយថ្ងៃជាកំហិត យាន្តយន្តចេញចូលមិនលើសពី៥០គ្រឿងជាដាច់ខាត។
បើតាមលោក ង៉ោ ម៉េងជ្រួន ចំពោះប្រជាជនកម្ពុជាដែលចូលមកដឹកទំនិញក្នុងមួយថ្ងៃៗ សូមចូលតាមផ្លូវដែលបានកំណត់ជូន និងអនុញ្ញាតឲ្យស្ថិតក្នុងបរិវារវេនរបស់ខ្លួនប៉ុណ្ណោះ ព្រមទាំងមានការកំណត់ពេលវេលាជាក់លាក់ សម្រាប់ដឹកជញ្ជូនទំនិញឲ្យទាន់តាមពេលវេលាកំណត់។
លោកថា ចំពោះម្ចាស់តូបទំនិញ មុននឹងធ្វើដំណើរត្រឡប់ទៅវិញសូមពិនិត្យ និងបិទប្រព័ន្ធភ្លើងឲ្យបានត្រឹមត្រូវ មុននឹងចាកចេញខ្លាចមានអគ្គិភ័យឆាបឆេះ ប្រសិនបើមានការល្មើសនឹងច្បាប់ ឬបទបញ្ជាភ្នាក់ងារប្រតិបត្តិមានតួនាទីប្រចាំការ និងធ្វើការបញ្ឈប់សកម្មភាពនេះភ្លាមៗ៕