(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសថា ក្នុងរយៈពេលប្រាំមួយខែ ដើមឆ្នាំ២០២០នេះ ជំងឺគ្រុនចាញ់ បានកើតឡើងនៅកម្ពុជាសរុបមាន ៤៥៤០ករណី ដោយបានថយចុះ ៧០% បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ដែលមានដល់ទៅ ១៥.១៦៥ករណី ហើយ៦ខែមកនេះ មិនមាននរណាម្នាក់បានស្លាប់ដោយជំងឺគ្រុនចាញ់ទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីស្ថានភាពជំងឺគ្រុនចាញ់នៅកម្ពុជា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០០២ បានឱ្យដឹងថា ក្នុងនោះ ជំងឺគ្រុនចាញ់ប្រភេទសន្ធិ (Plasmodium falciparum [P f) មាន ៣៨១ករណី (គឺថយចុះ ៨០% បើប្រៀបធៀបជាមួយឆ្នាំ២០១៩ ដែលមាន ១៩២០ករណី)។
ស្ថានភាពជំងឺ គ្រុនចាញ់ឆ្នាំ២០២០ ដែលកំពុងបានថយចុះនេះ ក៏មានរាយប៉ាយខ្ពស់តាមទីតាំងភូមិសាស្ត្រមួយចំនួនជាតំបន់ មានព្រៃភ្នំ ពិសេសនៅខេត្តកំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ពោធិសាត់ និងស្ទឹងត្រែង។ ជាសន្និដ្ឋានសម្រាប់ពេលនេះ គឺប្រទេសកម្ពុជាបានសម្រេចនូវសមិទ្ធផលមួយក្នុងចំណោមពីរ រួចជាស្រេច គឺសូចនាករអត្រាស្លាប់ស្មើសូន្យតាំងពីឆ្នាំ២០១៨ មកដល់បច្ចុប្បន្ន (បានន័យថា ជោគជ័យបីឆ្នាំ មុនគោលដៅគ្រោងទុក)។ សមិទ្ធផលទីពីរ គឺសូចនាករអត្រាឈឺដោយគ្រុនចាញ់សន្សំ (P) កំពុងស្ថិតនៅការ គ្រប់គ្រងបានយ៉ាងល្អ (បានកាត់បន្ថយជាបន្តបន្ទាប់) ដែលរំពឹងយ៉ាងមុតមាំថានឹងឈានទៅសម្រេចបានជោគ ជ័យតាមការគ្រោងទុក ដូចមានចងក្រងនៅក្នុងយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ក្រោមគំនិតផ្តួចផ្តើមផ្ទាល់ដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមសេចក្តីប្រកាស។
ក្រសួងសុខាភិបាល ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិលុប បំបាត់ជំងឺគ្រុនចាញ់ គណៈអភិបាលខេត្តជាប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ក្រសួង-ស្ថាប័នអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គម្រោងមូលនិធិសកល គម្រោងលុបបំបាត់ជំងឺគ្រុនចាញ់ PMI-USAID អង្គការសុខភាពពិភពលោក និងដៃគូវិនិយោគផ្សេងៗទៀត ដែលបានខិតខំបំពេញភារកិច្ចបាន ល្អប្រសើរបំផុត ក្នុងការសម្របសម្រួលកម្មវិធី ការរុករក ជួបពិនិត្យធ្វើតេស្តរោគវិនិច្ឆ័យ និងព្យាបាលករជាជំងឺ ការប្រយុទ្ធនិងគ្រប់គ្រងភ្នាក់ងារចម្លង ការតាមដានឃ្លាំមើលជំងឺ និងឆ្លើយតបតាមវិធីសាស្ត្រ១-៣-៧ និងការ លើកកម្ពស់សុខភាព នាពេលកន្លងមក រួមទាំងការដាក់វិធានការនានាទាន់ពេលវេលា និងផែនការច្បាស់លាស់ មានប្រសិទ្ធភាពខ្ពស់ឈានទៅសម្រេចបាននូវយុទ្ធសាស្ត្រជាតិតាមការគ្រោងទុក។
ក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់ប្រជាជនគ្រប់រូបត្រូវបន្តចូលរួមអនុវត្តតាមវិធានការរបស់កម្ម វិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ដែលកំពុងបានប្រតិបត្តិការជាបន្តបន្ទាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសសូម៖ កុំភ្លេចយកមុងជ្រលក់ថ្នាំទៅតាមពេលចូលព្រៃភ្នំ តំបន់ប្រឈមចម្លងជំងឺគ្រុនចាញ់ ត្រូវសំរាន្តក្នុងមុងជ្រលក់ថ្នាំ ជាប្រចាំ (ពិសេសពេលព្រលប់ និងយប់) ត្រូវស្វែងរកសេវាពិនិត្យព្យាបាលជំងឺគ្រុនចាញ់ដែលនៅជិតបំផុត ដើម្បីពិគ្រោះជំងឺ ឬដោះឈាមរកមេរោគគ្រុនចាញ់នៅរាល់ពេលបន្ទាប់ពីបានចូលទៅតំបន់ប្រឈមចម្លងជំងឺ គ្រុនចាញ់ និងត្រូវទទួលការព្យាបាលត្រឹមត្រូវតាមការណែនាំរបស់ភ្នាក់ងារពិនិត្យព្យាបាលជំងឺគ្រុនចាញ់។ ក្រសួងសុខាភិបាលនៅតែបន្តផ្តល់ជូនដោយមិនគិតថ្លៃទាំងមុងជ្រលក់ថ្នាំ និងការធ្វើតេស្តនិងព្យាបាលជំងឺគ្រុនចាញ់៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖