(ស្វាយរៀង)៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានរកឃើញសារ ធាតុគីមី (borax) ដាក់ក្នុងងៀតបបែល និងពពុះសណ្តែកចំនួន៦៥គីឡូក្រាម នៅផ្សាយវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ការរកឃើញនេះបន្ទាប់ពីលោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង បានដឹកនាំក្រុមការងារ សហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តស្វាយរៀង ចុះពិនិត្យមុខទំនិញនៅផ្សារវាលយន្ត ក្រុងស្វាយរៀង ក្នុងគោលបំណងស្វែងរកសារធាតុគីមីដែលតាំងលក់នៅលើបន្លែ ត្រី សាច់ គ្រឿងឧបភោគបរិភោគ និងទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់។
លោក ផឹង និល បានថ្លែងថា សកម្មភាពចុះត្រួតពិនិត្យនៅផ្សារវាលយន្តនេះ មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគបរិភោគ នៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញនិងបាន ប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអាហារចំនួន៤០គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាលទ្ធផល ក្រោយពីការអនុវត្តការងារមន្ត្រីជំនាញបានរកឃើញសារធាតុគីមី (borax )ដាក់ក្នុងងៀតបបែល៣០គីឡូក្រាម និងពពុះសណ្តែក៣៥គីឡូក្រាម ហើយមន្ត្រីជំនាញបានធ្វើ កំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។
លោក ផឹង និល បានបន្តថា ក្រោយពីចុះពិនិត្យមុខទំនិញនៅផ្សារវាលយន្តរួចមកមន្ត្រីជំនាញបាននាំបន្លែ សាច់ជាច្រើនមុខបន្ថែមទៀត មកធ្វើតេស្តនៅមន្ទីរពិសោធន៍ ខ្នាតតូច សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។
លោក ផឹង និល បានបញ្ជាក់ទៀតថា មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងមន្ទីរពាណិជ្ជកម្មខេត្ត នឹងបន្តចុះពិនិត្យមុខទំនិញ ឲ្យបានដូចភ្លៀងរលឹម ដើម្បីស្វែងរកសារធាតុដែលហាមឃាត់ (សារធាតុគីមី) ដែលធ្វើឲ្យអ្នកបរិភោគប៉ះពាល់ដល់សុខភាពនិងស្នើឲ្យអាជីវករចូលរួមសហការ ជាមួយមន្ត្រីជំនាញ ក្នុងការចុះត្រួតពិនិត្យទំនិញផ្សេងៗគ្រប់ភេទនៅតាមទីផ្សារក្នុងខេត្តផងដែរ៕