(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានស្នើក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាពិសេសវិស័យឯកជន រួមគ្នាពង្រីង និងពង្រីកបរិយាកាស អំណោយផល រួមទាំងក្នុងក្របខណ្ឌគោលនយោបាយ តាមវិស័យ គាំទ្រឲ្យស្ត្រីកាន់តែមានភាពងាយស្រួល ក្នុងការចាប់យក កាលានុវត្តភាព និងសក្ដានុពលថ្មីៗ។
លើសពីនោះទៀត ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ការអភិវឌ្ឍសហគ្រិនភាព ការបង្កើនការយល់ដឹងផ្នែកឌីជីថល ជាពិសេសការគិតគូរ នៅក្នុងក្របខណ្ឌ នៃផែនការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩។
ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី អ៉ឹង កន្ថាផាវី អញ្ជើញចូលរួម ក្នុងសិក្ខាសាលា ស្តីពីការបង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រី និងការអភិវឌ្ឍ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ក្នុងកំលុង និងក្រោយពេលការរីករាលដាល នៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ។
បន្ថែមពីនោះទៀត លោកស្រី អ៉ឹង កន្ថាផាវី បានឲ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបណ្តាលឲ្យប៉ះពាល់វិស័យសេដ្ឋកិច្ច និងសង្គមជាតិ ប៉ុន្តែកូវីដ-១៩ ក៏អាចជាច្រកនៃឱកាសសម្រាប់យើងទាំងអស់គ្នា រួមទាំងអាជីវករជាស្ត្រី។
រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា យើងទាំងអស់គ្នា ត្រូវប្រែវិបត្តិនេះ ទៅជាកាលានុវត្តភាព ក្នុងការអភិវឌ្ឍ បង្ហាញពីសក្តានុពល និងភាពខ្លាំងរបស់យើង ជាពិសេសពង្រឹងសមត្ថភាពលើភាពធន់ និងឆ្លើយតបនឹងវិបត្តិផ្សេងៗ។
ជាមួយគ្នានេះ លោកស្រី អ៉ឹង កន្ថាផាវី បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល កំពុងផ្លាស់ប្តូររបៀបធ្វើអាជីវកម្ម ហើយក៏ជាកាលានុវត្តភាពថ្មី សម្រាប់សហគ្រិនស្ត្រី និងសម្រាប់ការរស់នៅប្រចាំថ្ងៃ តាមរបត់និងទម្លាប់ថ្មី ស្របតាមបរិបទសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤ នាពេលនេះ។
លោកស្រី អ៉ឹង កន្ថាផាវី បន្ដទៀតថា នៅក្នុងនោះ ការធ្វើធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) ជាឧបករណ៍មួយ ត្រូវយកមកពិចារណា សម្រាប់ការអភិវឌ្ឍសហគ្រិនស្ត្រី នៅគ្រប់កម្រិត៕