(ភ្នំពេញ)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តព្រះសីហនុ ដោយមានលោកខាន់ រ៉ាត់ ជាប្រធានសាខា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យ គុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារលើ ក្នុងក្រុងព្រះសីហនុ គោលដៅសំខាន់ នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវទប់ស្កាត់ ការចរាចរណ៍ ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។
មន្រ្តីសាខា ក.ប.ប ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋម ទៅលើផលិត ផលម្ហូប អាហារចំនួន ១៤ គំរូ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ ផលិតផលម្ហូបអាហារផងដែរ។
មន្រ្តីជំនាញបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះអង្កេតទំនិញខាងលើ ជាលទ្ធផលបានរកឃើញម្ហូបអាហារ និងបន្លែមានផ្ទុកសារធាតុគីមីមួយចំនួនដូចជា៖
*ងៀតបបែល ចំនួន ៧,៤០ គីឡូក្រាម (មានសារធាតុគីមីបូរ៉ាក់)
*ងៀតត្រីឆ្លាម ចំនួន១គីឡូក្រាម (មានសារធាតុគីមីបូរ៉ាក់)។ មន្រ្តីសាខា ក.ប.ប ខេត្តព្រះសីហនុ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលតាមនីតិវិធី។
បន្ទាប់មកមន្ត្រីជំនាញ បានណែនាំដល់អាជីវករដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពី «ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា និងច្បាប់ស្តីពី “កិច្ចការពារអ្នកប្រើប្រាស់» ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។
ក្រុមការងារបានចុះយុទ្ធនាការផ្សព្វផ្សាយ និងបិទខិតប័ណ្ណផ្សព្វផ្សាយ (Flyer) លើខ្លឹមសារ ការស្វែងយល់អំពីអំពើរ មិនសុចរិត ក្នុងធុរកិច្ចពាក់ព័ន្ធនឹងប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ ដេប៉ូ ប្រេងឥន្ធនៈ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ការចុះផ្សព្វផ្សាយនេះ ក្នុងគោលបំណងបញ្ជ្រាប ការយល់ដឹងអំពីបទដ្ឋានគតិយុត្តិ ដែលតម្រូវឲ្យម្ចាស់ស្ថានីយ៍ ដេប៉ូ ប្រេងឥន្ធនៈទាំងអស់ ប្រកបមុខរបរ ដោយការប្រកួតប្រជែង ប្រកបដោយសុចរិតភាព និងតម្លាភាព ក៏ដូចជាការការពារផលយោជន៍អ្នកប្រើប្រាស់។
ក្នុងយុទ្ធនាការនេះ ក្រុមការងារបានផ្សព្វផ្សាយ-បិទខិតប័ណ្ណផ្សព្វផ្សាយ (Flyer) បានចំនួន៦ទីតាំងស្ថានីយ៍-ដេប៉ូ ដោយបានពន្យល់ពីរបៀប scan QR code ដែលមាននៅលើខិតប័ណ្ណ ដើម្បីស្វែងយល់ ឯកសារច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ និងការទទួលខុសត្រូវ ចំពោះមុខច្បាប់ ក្នុងករណីដែលម្ចាស់ស្ថានីយ៍-ដេប៉ូ បានប្រព្រឹត្តផ្ទុយ ឬបានប្រព្រឹត្តអំពើមិនសុចរិត ចំពោះការធ្វើធុរកិច្ច ដែលពាក់ព័ន្ធនិងតម្លៃ គុណភាព និងបរិមាណរបស់ប្រេងឥន្ធនៈ៕