(កណ្ដាល)៖ លោក នូ សាខន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកណ្តាល និងជាប្រធានគណៈប្រចាំការនៃគណអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកណ្តាល បានជំរុញឱ្យថ្នាក់ដឹកនាំ និងសមាជិកបក្សក្នុងស្រុកកោះធំទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងជាធំ និងត្រូវបន្តគាំទ្រ និងអនុវត្តន៍តាមគោលនយោបាយរបស់គណបក្ស និងគោរពរាល់ការសម្រេចចិត្ត របស់គណបក្ស ត្រូវចងក្រងក្រុមបក្សឱ្យបានច្រើន ដើម្បីឱ្យគណបក្សប្រជាជនជាគណបក្សឈានមុខជានិច្ច និងបម្រើ ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
លោក នូ សាខន បានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីតួនាទីភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធ អង្គការចាត់តាំង និងរបៀបរបបធ្វើការរបស់គណៈកម្មាធិការ គណបក្សមូលដ្ឋាននៅស្រុកកោះធំ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណបក្សខេត្ត សាខាបក្ស ស្រុក ភូមិ ឃុំ ជាច្រើនរូបផងដែរ។
លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយ និងអង្គការចាត់តាំងច្បាស់លាស់ត្រឹមត្រូវ ដឹកនាំប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ដូច្នេះថ្នាក់ដឹកនាំបក្សគ្រប់ថ្នាក់ ជាពិសេសគណបក្សមូលដ្ឋានត្រូវយកចិត្តទុកដាក់ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិកក្រុមបក្សថ្មី និង ការរៀបចំរចនាសម្ព័ន្ធសមាជិកបក្ស ឲ្យមានភាពរឹងមាំ។
ត្រូវមានគោលជំហរស្មោះត្រង់ជាមួយគណបក្ស និងមានឆន្ទៈការពារផលប្រយោជន៍របស់គណបក្ស ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយយកចិត្តទុកដាក់ក្នុងការ ចុះជាប់ជាមួយប្រជាជន ដើម្បីដឹងពីសុខទុក្ខរបស់ប្រជាជននៅគ្រប់មូលដ្ឋាន ដែលធ្វើឱ្យប្រជាជនមានការគាំទ្រដល់ប្រមុខដឹកនាំ និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា បន្តដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចំរើនថែមទៀត។
លោក នូ សាខន ក៏បានកោតសរសើរចំពោះគណបក្សមូលដ្ឋានស្រុកកោះធំ ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចខ្លួនបានយ៉ាងល្អប្រសើរកន្លងមក ហើយក៏ត្រូវតែ បន្តខិតខំបន្តទៀតផងដែរ៕