(កណ្តាល)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកមុខកំពូល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បាននាំយកទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យមកប្រគេន ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តចំនួន៣ នៅក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ដើម្បីជួយទំនុកបំរុង និងបង្កលក្ខណៈងាយស្រួល សម្រាប់ព្រះសង្ឃនៅរដូវវស្សានេះ។
លោក វង្សី វិស្សុត បានថ្លែងថា ពិធីចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ហើយបងប្អូនខ្មែរយើង ដែលជាពុទ្ធសាសនិក តែងតែប្រារព្វពីធីនេះ ទៅតាមគន្លងបវេណី របស់ព្រះពុទ្ធសានាជារៀងរាល់ឆ្នាំ។ លោកក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាល បានកសាងនូវសមិទ្ធផលតូចធំ ជាច្រើន រាប់មិនអស់ជូនប្រទេសជាតិ និងប្រជាជន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។
ដោយឡែក នៅក្នុងស្រុកមុខកំពូលនិយាយជារួម និងដោយឡែក នៅក្នុងឃុំព្រែកអញ្ចាញ ក៏ទទួលបាននូវសមិទ្ធផលជាច្រើនផងដែរ ដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ ស្ពានថ្នល់ និងសមិទ្ធផលផ្សេងៗជាច្រើន ស្ទើគ្រប់វិស័យ។ បច្ចុប្បន្ននេះ តំបន់ព្រែកអញ្ចាញបាន និងកំពុងអភិវឌ្ឍខ្លួន ក្លាយជាកូនទីក្រុងដ៏តូចមួយជាបណ្តើរៗ តាមរយៈគម្រោងសាងសង់សំណង់បុរីមួយ ចំនួនជាបន្តបន្ទាប់។
សមិទ្ធផលទាំងនេះ បានជួយធ្វើឲ្យប្រទេសរបស់យើង កាន់តែមានការ អភិវឌ្ឍរីកចម្រើន, សេដ្ឋកិច្ចជាតិរបស់យើង ក៏កាន់តែលូតលាស់ ជឿនលឿន ហើយបងប្អូនប្រជាពលរដ្ឋ របស់យើងកាន់តែមានប្រាក់ ចំណូលខ្ពស់ជាងមុន និងមានជីវភាពធូរធាជាងមុន។ លោកបានបន្តថា ការអភិវឌ្ឍរីកចម្រើនដែលកម្ពុជា យើងសម្រេចបានមកទល់នឹងសព្វថ្ងៃនេះ គឺដោយសារកត្តាសន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល។
លោកក៏បានលើកឡើងផងដែរថា បច្ចុប្បន្នទោះបីកម្ពុជា កំពុងតែទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ក្តី តែក្រោមការដឹកនាំដ៏រឹងមាំ និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យកម្ពុជាអាចគ្រប់គ្រង បាននូវស្ថានភាព នៃការរីករាលដាល នៃជំងឺនេះនៅក្នុងប្រទេស។
ជាងនេះទៅទៀត ក្រៅពីការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកខ្ពស់ ក្នុងការដោះស្រាយផលប៉ះពាល់ នៃជំងឺនេះ មកលើសង្គម-សេដ្ឋកិច្ច កម្ពុជា ថែមទៀត តាមរយៈការដាក់ចេញ នូវវិធានការជាក់ស្តែង ក្នុងការទ្រទ្រង់, ស្តារ និងជំរុញកំណើនសេដ្ឋកិច្ចចំនួន៤ជុំ ជាបន្តបន្ទាប់ សំដៅជួយដល់វិស័យឯកជន និង កម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ និងគម្រោងកម្មវិធីសាច់ប្រាក់ពលកម្ម បន្ថែមលើកម្មវិធីជំនួយសង្គម ដែលមានស្រាប់។
លោកថា បច្ចុប្បន្ន បងប្អូនប្រជាពលរដ្ឋ ក្រ១ និងក្រ២ នៅក្នុងស្រុកមុខកំពូល ក៏ដូចនៅទូទាំងប្រទេស កំពុងទទួលបាននូវការ ឧបត្ថម្ភជាសសាច់ប្រាក់ ពីកម្មវិធីជំនួយសង្គមដ៏ធំ មិនធ្លាប់មានពីមុនមកនេះ។
លោកបានគូសបញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើនេះ គឺជាបញ្ជាក់ថា រាជរដ្ឋាភិបាល តែងនៅជាប់ជាមួយនឹងប្រជាជន យកប្រជាជនជាធំ និងបានបម្រើប្រជាជន គ្រប់កាលៈទេសៈ ដោយភាពស្មោះត្រង់។ រាជរដ្ឋាភិបាលនឹងបន្តធ្វើអ្វីៗទាំងអស់ ដើម្បីថែរក្សាសន្តិភាព, ស្ថេរភាពនយោបាយ, ផលប្រយោជន៍ប្រទេសជាតិ និងសេចក្តីសុខរបស់ប្រជាជន ជាពិសេសការផ្សារភ្ជាប់ការអភិវឌ្ឍ របស់ប្រទេសជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជន។
នៅក្នុងឱកាសនោះដែរ ដោយមានសំណូមពរពីព្រះគ្រូចៅអធិការ គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទ ចំណុះជើងវត្តរតនៈបុប្ផារាម ហៅវត្តព្រែកអញ្ចាញ, លោក វង្សី វិស្សុត បានប្រកាសទទួលរៀបចំគម្រោងកសាង និងអភិវឌ្ឍដីរបស់វត្តមួយកន្លែង ស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ដើម្បីចាក់ដីរៀបចំទីធ្លា របង សួនច្បារ និងសាងសង់សំណង់ មួយចំនួនទៀត ប្រែក្លាយដីនេះ ឲ្យក្លាយទៅកន្លែង សម្រាប់លំហែកំសាន្ត សម្រាប់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ដូចជាសម្រាប់ ប្រជាពលរដ្ឋទូទៅ ពិសេសដើម្បីបងប្អូនមានកន្លែងសមរម្យ សម្រាប់ប្រារព្វពិធីបុណ្យទានផ្សេងៗ៕