(ពោធិ៍សាត់)៖ ជនបែកថ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពយកសាំងចាក់ដុតផ្ទះប្រជាពលរដ្ឋជិតខាង ឆេះខ្ទេចគ្មានសល់ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០២នេះ នៅភូមិអូរស្ដៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
នគរបាលឱ្យដឹងថា ជនបង្កមានឈ្មោះ ងឿម សំណាង អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអារ៉ែនជើងភ្លើង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានយកសាំងចំនួន០១លីត្រ ចូលទៅដុតផ្ទះរបស់ឈ្មោះ ស៊ិន ស៊ីចាន់ ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរស្ដៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បណ្ដាលឱ្យឆេះផ្ទះទៀមមួយខ្នង ទំហំ៦X៧ម៉ែត្រ ជញ្ជាំងក្ដារ ប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង។
ជនបង្កធ្លាប់ប្រើប្រាស់គ្រឿងញៀន (បែកថ្នាំ) ដោយឡែកសំភារៈខូចខាត រួមមាន៖ ទូរទឹកកក ០១គ្រឿង, ទូរទស្សន៍ ០១គ្រឿង, ធុងទឹកកក ០១ , ទូរដាក់ខោអាវ០១ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនបង្ក ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្វាយអាត់ ធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់អធិការនគរបាកក្រុងពោធិ៍សាត់ ចាត់ការតាមនីតិវិធី៕