(កំពង់ធំ)៖ ផ្ទះថ្មីដែលបានសាងសង់ពីឈើខ្ពស់ផុតពីដី ជណ្ដើរកាច់មានទំហំ៤ម៉ែត្រ x ៦ម៉ែត្រ និងជាផ្ទះថ្មីខ្នងទី១៦៤ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយសហការី និងអាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក ចុះប្រគល់ជូនគ្រួសារអតីតយុទ្ធជនពិការនៅភូមិព្រៃជ័រឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
លោកឧត្ដមសេនីយ៍ ទោ សោម បានឱ្យដឹងថា អតីតយុទ្ធជនពិការដែលត្រូវទទួលបានផ្ទះថ្មីខ្នងជាផ្ទះទី១៦៤ នៅថ្ងៃនេះមានឈ្មោះ កុយ ធឹម អាយុ៥២ឆ្នំា ចូលបម្រើក្នុងជួរ កងទ័ពនៅឆ្នាំ១៩៨៨ នៅអង្គភាពយោធាស្រុកសណ្តាន់នៃយោធាខេត្តកំពង់ធំ ហើយលោកបានត្រូវរបួសពិការភ្នែកទាំងគូរ ដោយសារអំបែងគ្រាប់នៅក្នុងសមរភូមិ តំបន់ក្រសាំង ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅឆ្នាំ១៩៩២។ លោក កុយ ធឹម មានភរិយា និងកូននៅក្នុងបន្ទុកចំនួន ៤នាក់ សរុប៦នាក់នៅក្នុងបន្ទុកគ្រួសារ។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ជូនអំពីអត្ថប្រយោជន៍សំខាន់ៗមួយចំនួន ដែលអតីតយុទ្ធជនទទួលបានក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជន ដែលបានដោះស្រាយជូនបងប្អូនក្រុមគ្រួសារអតីតយុទ្ធជនមានដូចជា៖ ការបើកប្រាក់បៀវត្សរ៍ទៀងទាត់ មួយខែពីរដង តាមរយៈធានាគារដែលនៅជិតផ្ទះ។ ការព្យាបាលជំងឺដោយឥតគិតថ្លៃពីមន្ទីរពេទ្យរដ្ឋនានា។ ការបើកប្រាក់បេឡាមរណសង្គ្រោះ ជូនគ្រួសារ សពអតីតយុទ្ធជនដែលបានទទួលមរណភាព ការសាងសង់ផ្ទះ និងការដោះស្រាយដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះស្នាក់នៅពិតប្រាកដ។
ក្នុងកម្មវិធីប្រគល់ផ្ទះថ្មីនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកនូវអំណោយរបស់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា ឧបត្ថម្ភជូនគាត់មានអង្ករចំនួន ១០០គីឡូក្រាម, មីចំនួនពីរកេស, ទឹកត្រី ទឹកស៊ីអ៊ីវចំនូន ២យួរ និងថវិកាមួយចំនួនផងដែរ៕