(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងនាយឧត្តមសេនីយ៍ សាន លុច ព្រមទាំងសហការី បានប្រគេនទានព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងទេយ្យវត្ថុមួយចំនួនដល់វត្តចំនួន ៥វត្ត ក្នុងឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ សកម្មភាពនេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ក្នុងវត្តព្រែកផ្គាំ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បាននាំការសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង ហើយក៏បានជម្រាបជូនប្រជាពលរដ្ឋ អំពីស្ថានភាពប្រទេសជាតិ នាពេលបច្ចុប្បន្ន ការទប់ស្កាត់បង្កាជំងឺកូវីដ១៩ ដែលជាបញ្ហាសកលនាពេលបច្ចុប្បន្ន។
បន្ថែមពីលើនេះទៀតនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានលើកឡើងអំពីការចូលរួមចំណែកការកសាងជាតិ និងស្នេហាជាតិ មិនមែនទាល់តែមានងារជាឧកញ៉ា ឬឯកឧត្តម ឬក៏ចាំបាច់ទាល់តែបរិច្ចាគថវិកា ឬក៏ចាំបាច់ត្រូវតែកាន់កាំភ្លើងទៅសមរភូមិ ទើបហៅថាស្នេហាជាតិនោះទេ គឺគ្រាន់តែចូលរួមអប់រំកូនចៅ ឲ្យដើរផ្លូវល្អ ខិតខំរៀនសូត្រ មិនប្រព្រឹត្តអំពើទាំងឡាយណា ដែលខុសច្បាប់ ឬយ៉ាងហោចណាស់ គ្រាន់រើសសំរាមនៅទីសាធារណៈ តែមួយកន្ទុយដាក់ក្នុងធុងសំរាមក៏មានតម្លៃស្មើនឹងកសាងជាតិ និងមាតុភូមិផងដែរ។
«ព្រះលោកបានសម្ដែងថា មនុស្សដែលជាប្រយោជន៍គឺផ្តល់ប្រយោជន៍ខ្លួន ហើយក៏ត្រូវផ្តល់ប្រយោជន៍ដល់អ្នកដទៃ ឬក៏ជាពិសេសទៅទៀតនោះគួរលះបង់ប្រយោជន៍ខ្លួន គឺផ្តល់ប្រយោជន៍ និងសេចក្តីសុខដល់អ្នកដទៃ។ ដូចនេះរាល់អំពើទាំងឡាយដែលជួយសង្គម និងខ្លួនឯងសុទ្ធសឹងជាការជួយសង្គមជាតិខ្លួនឯងផងដែរ»។ នេះជាការបញ្ជាក់ របស់នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ។
គួររំលឹកផងដែរថា ព្រះវិហារដែលមានអាយុកាលជាង៨០ឆ្នាំ របស់វត្តព្រែកផ្គាំនេះត្រូវបាននាយឧត្តមសេនីយ៍ ឈន សារ៉ាណេ សុំគណៈកម្មាធិការរក្សាទុកដើម្បីឲ្យព្រះវិហារនេះ ក្លាយជាសម្បត្តិបេតិកភណ្ឌជាតិ។
នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានថ្លែងថា តម្លៃនៃការសាងសង់ព្រះវិហារនេះ នាសម័យនោះមិនធម្មតាទេ ទម្រាំកសាងបាន មិនដឹងជាប្រជាពលរដ្ឋនាពេលនោះ ការលះបង់របស់ពួកគាត់ពិតជាមិនអាចកាត់ថ្លៃបាន។ ហេតុដូចនេះ គប្បីថែររក្សានូវមរតកនេះ សម្រាប់កូនចៅជំនាន់ក្រោយកុំឲ្យបាត់បង់ មិនត្រឹមតែសម្បត្តិវប្បធម៌សម្រាប់ជាតិទេ សូម្បីសម្បត្តិវប្បធម៌ពិភពលោក ក៏ដូនតាបន្សល់ទុកឲ្យពួកយើងជំនាន់ក្រោយថែរក្សាដែរ តួយ៉ាងដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារជាដើម។
នាយឧត្តមសេនីយ៍បញ្ជាក់ថា «បើយើងចេះថែរក្សាបាន ពិភពលោកគេនឹងទទួលស្គាល់ និងស្ញប់ស្ញែងនូវជាតិសាសន៍ខ្មែរយើង មិនតែប៉ុណ្ណោះទៀតសោធ យើងអាចទាក់ទាញភ្ញៀវទេសចរណ៍ គេបានមកស្គាល់ប្រទេស និងប្រជាជនខ្មែរយើងផងដែរ ជាពិសេសទៅទៀត ធ្វើឲ្យប្រទេសយើងមានភាពរីកចម្រើន សេដ្ឋកិច្ចតាមរយៈឧស្សាហកម្មគ្មានផ្សេងនេះឯង ព្រោះថាប្រទេសយើងមានសម្បត្តិបេតិកភណ្ឌជាតិជាច្រើនដូចជា ប្រាសាទអង្គវត្ត ប្រាសាទព្រះវិហារ... ដែលត្រូវបានពិភពលោកទទួលស្គាល់ ជាបេតិកភណ្ឌពិភពលោក ហើយវាក៏ទទួលបានការគាំទ្រពីភ្ញៀវទេសចរណ៍នានា ពាសពេញពិភពលោកផងដែរ ហើយបើវិស័យទេសចរណ៍នេះ មានការរីកចម្រើន វាជាឧស្សាហ៍កម្មគ្មានផ្សែង»។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ក៏បាននាំនូវថវិការបស់សម្តេចក្រឡាហោម ស ខេង ចំនួន ១ម៉ឺនដុល្លារ ដើម្បីសាងសង់បង្ហើយខ្លោងទ្វាវត្តព្រែកផ្គាំ និងបានយល់ព្រមដាក់គ្រឿងចក្រចុះសម្រួលផ្លូវប្រវែង ៧៨០០ម៉ែត្រ តាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំព្រែកអន្ទះនេះផងដែរ៕