(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ចេញសេចក្ដីថ្លែងការណ៍ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ដោយមិនអាចទទួលយកបានឡើយ ចំពោះការប្រព្រឹត្តិអំពើឃោរឃៅ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌របស់ស្ដ្រីម្នាក់ ដែលបានធ្វើទារុកម្មយកកាំបិតវះកាត់មុខ ច្រមុះ ដៃ លើក្មេងស្រីអាយុ៥ឆ្នាំ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមរយៈសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ យល់ឃើញថា អំពើដ៏សាហាវ ឃោរឃៅ យង់ឃ្នង ព្រៃផ្សៃរបស់ស្ដ្រីឈ្មោះ លីវ ប៊ុនធឿន បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិទទួលបានការការពារ សិទ្ធិទទួលបានការអភិវឌ្ឍ និងសិទ្ធិរស់រានមានជីវិតរបស់កុមារ។

ពាក់ព័ន្ធនឹងអំពើឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការ មេត្តាយកចិត្តទុកដាក់ចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះជនល្មើស ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះ កើតមានក្នុងសង្គមកម្ពុជាបន្ដទៀត។

ក្រៅពីចេញសេចក្ដីថ្លែងការថ្កោលទោស នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ លោក ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា ជាតិកម្ពុជាដើម្បីកុមារ និងជាអនុប្រធានអចិន្ទ្រៃយ៍គណៈកម្មការការពារកុមារថ្នាក់ជាតិ បានសម្របសម្រួលដឹកនាំក្រុមការងារគណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ទៅសួរសុខទុក្ខ កុមារី ឡាស់ម៉ាវី លីយ៉ា នៅមន្ទីរពេទ្យកុមារជាតិ។

ក្នុងនោះ លោកស្រីអគ្គលេខាធិការ ក៏បាននាំយកនូវថវិកាចំនួន១,៤០០,០០០រៀល ដែលបានមកពីទឹកចិត្ត និងបេះដូងដែលស្រឡាញ់កុមារ របស់ក្រុមការងារគណៈកម្មការការពារកុមារថ្នាក់ជាតិអន្តរក្រសួង ព្រមទាំងសម្ភារឧបភោគ បរិភាគមួយចំនួន មានអង្ករ មី ទឹកត្រីមួយចំនួនផងដែរ៕