(កំពង់ឆ្នាំង)៖ លោក អ៊ឹម វុត្ថា ប្រធានក្រុមការងារចុះជួយមូលដ្ឋាន គណបក្សប្រជាជនឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ បានក្រើនរំឮកដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋឱ្យចូលរួមប្រុងប្រយ័ត្ន ចំពោះលទ្ធភាពនៃការចម្លងជំងឺកូវីដ-១៩ ខណៈជំងឺនេះពុំទាន់ថមថយនៅឡើយ។
ការក្រើនរំឮកបែបនេះ របស់លោក អ៊ឹម វុត្ថា បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារនាំ ទានព្រះវស្សា និងទេយ្យទៀន ព្រមទាំងថវិកា ទៅប្រគេនព្រះសង្ឃ ដែលគង់នៅចាំព្រះវស្សា វត្តចំនួន៤ ស្ថិតក្នុងឃុំពោធិ៍ រួមមានទី១៖ វត្តគីរីភក្តី, ទី២៖ វត្តពោធិរង្សី, ទី៣៖ វត្តគិរីធម្មវ័ន្ត និងទី៤៖ វត្តកំពង់បាចិនណ្ណារាម។
ជាមួយគ្នានេះដែរ លោក អ៊ឹម វុត្ថា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវចេះថែរក្សាវិធីអនាម័យ ជាពិសេសអនុវត្តន៍ទៅតាមការ ណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ដោយឡែកសម្រាប់ទានព្រះវស្សា និងទេយ្យវត្ថុ ដែលយកមកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាទាំង៤វត្តខាងលើរួមមានក្នុងមួយវត្តទទួលបានទានមួយគូ, អង្ករ៥០គីឡូក្រាម, មី១កេស, សាប៊ូលាងចានពីកាដុង, ទឹកត្រី២យួរ, ត្រីខ២យួរ, ទឹកសុទ្ធមួយកេះ, សៀវភៅ២០ក្បាល, ប៊ិច២៥ដើម, ស្ករស២គីឡូក្រាម, ទឹកស៊ីអ៊ីវ១យួរ, ខ្ទឹមសរ១គីឡូក្រាម, អំបិល១គីឡូក្រាម, តែប្រាំកញ្ចប់, កាហ្វេមួយកញ្ចប់ធំ, ត្រីងៀត១កន្ទុយធំ, សៀង១យួរ, ស្ពៃជ្រក់៦កំប៉ុង, ម៉ាស់មួយប្រអប់, សាប៊ូដុំមួយប្រអប់, ប៊ីចេងកន្លះគីឡូក្រាម, ថ្នាំផ្ដាសាយ១ប្រអប់, ថវិកាប្រគេនព្រះសង្ឃចំនួន៨អង្គ ក្នុង១អង្គថវិកា៥០,០០០ម៉ឺនរៀល, បច្ច័យកសាងចំនួន៤វត្ត ក្នុងមួយវត្ត ៣២ម៉ឺន២ពាន់រៀល, បច្ច័យកសាងសាលាឆាន់ចំនួន ៣២ម៉ឺនរៀល និងក្រមាចែកជូនពុទ្ធបរិស័ទក្នុងម្នាក់ៗទទួលបានក្រមាមួយផងដែរ។
ប្រធានក្រុមការចុះជួយមូលដ្ឋានឃុំពោធិ៍រូបនេះ បានបន្ថែមថា យើងទាំងអស់គ្នាតែងតែគោរពនូវប្រពៃណី សាសនាព្រះពុទ្ធ ដែលជាសាសនានៃយើង ដូច្នេះ ព្រះសង្ឃត្រូវតែចូលកាន់ព្រះវស្សាក្នុងរយៈពេលអស់មួយត្រីមាស នៅទីវត្តអារាមដែលព្រះសង្ឃគង់នៅ ទើបថ្ងៃនេះ លោកក៏ដូចជាក្រុមការងារក្នុងស្រុកកំពង់លែង រួមទាំងពុទ្ធបរិស័ទបាននាំយកមកនូវទេយ្យទាន ប្រគេនព្រះសង្ឃសម្រាប់ដុតបំភ្លឺបូជាព្រះ ក្នុងរយៈពេល៣ខែ និងទេយ្យទានមួយចំនួន សម្រាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃ គង់សិក្សារៀនសូត្រនូវធម៌វិន័យ ព្រះសម្មាសម្ពុទ្ធ ជាបរមគ្រូនៃយើង៕