(សៀមរាប)៖ លោក ឥត សារ៉ាត់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយមូលដ្ឋានក្រុង បានបញ្ជាក់ថា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅជួបជុំក្រុមគ្រួសារ ប្រទេសមានការអភិវឌ្ឍជឿនលឿន សន្តិភាពមានតម្លៃកាត់ថ្លៃមិនបាន បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដែរ។
ការបញ្ជាក់បែបនេះ របស់លោក ឥត សារ៉ាត់ បានធ្វើឡើងនារសៀលថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការជួបសំណេះសំណាលជាមួយ ក្រុមការងារចុះតាមសង្កាត់ ក្រុមប្រឹក្សាគណៈបក្សសង្កាត់ ដើម្បីត្រួតពិនិត្យការចេញប័ណ្ណ ក្រ១ និងក្រ២ របស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិកក្រុមការងារ និងក្រុមប្រឹក្សារបស់គណបក្សមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ដែលជាសមាជិកបក្ស នៅក្នុងសង្កាត់ចំនួនពីរ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា មូលដ្ឋានសង្កាត់សាលាកំរើត និងសង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប ដែលមានសមាជិកចូលរួមប្រមាណជាជិត ៣០០នាក់។
លោក ឥត សារ៉ាត់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរស់នៅជួបជុំក្រុមគ្រួសារ និងធ្វើឱ្យប្រទេសមានការអភិវឌ្ឍជឿនលឿន ដូចបច្ចុប្បន្ននេះ គឺដោយសារនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដូច្នេះ សន្តិភាពមានតម្លៃកាត់ថ្លៃមិនបាន ហើយសន្តិភាព គឺជាលក្ខខណ្ឌចាំបាច់បំផុត ក្នុងការកសាង និងការអភិវឌ្ឍសង្គមជាតិ ឱ្យមានការរីកចម្រើន។ បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ ហើយបើគ្មានសន្តិភាព ក៏គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដែរ»។
លោក ឥត សារ៉ាត់ ជំនួសមុខឱ្យប្រមុខថ្នាក់ដឹកនាំគណបក្ស ពិសេសសម្ដេចពិជ័យសេនា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តសៀមរាប បានសម្ដែងនូវការលើកសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋានភូមិ សង្កាត់ ក្រុង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានធ្វើឱ្យមូលដ្ឋានរបស់ខ្លួនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសគ្រប់គ្រងបាននៅហានិភ័យទាំងឡាយដែលកើតមានឡើងនៅចំពោះមុខ។
លោក ឥត សារ៉ាត់ ក៏បានពាំនាំនូវប្រសាសន៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ ៣ចំណុច ប្រាប់ដល់ថ្នាក់ដឹកនាំ មូលដ្ឋាន និងសមាជិកបក្សទាំងអស់ថា មុននឹងបើកកិច្ចប្រជុំ ផ្សព្វផ្សាយការងារអ្វីមួយ នៅតាមស្នាក់ការរបស់ខ្លួន ថ្នាក់ដឹកនាំទាំងអស់ ត្រូវផ្សព្វផ្សាយឱ្យសមាជិកនិងប្រជាពលរដ្ឋរបស់ខ្លួន បានយល់អំពីប្រការទាំង ៣ចំណុចនេះ ដែលរួមមានទី១៖ អរគុណសន្តិភាព, ទី២ អរគុណនយោបាយឈ្នះ ឈ្នះ និងទី៣៖ ដឹងគុណស្ថាបនិក មគ្គទេសដ៏ឆ្នើម និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកសន្តិភាពយ៉ាងពេញលេញជូនដល់ប្រទេសជាតិ និងប្រជាជយើង។
លោក ឥត សារ៉ាត់ ក៏បានលើកយកសភាពការណ៍ក្រៅតំបន់ និងក្នុងតំបន់ ប្រាប់ទៅដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលជាសមាជិកបក្សទាំងអស់ ឱ្យបានជ្រាប ព្រមទាំងក្រើនរំឮកឱ្យតាមដានព័ត៌មានទាំងនេះ ជាពិសេសពិភពលោកក្នុងបរិបទរាតត្បាតជំងឺកូវីដ-១៩ និងការប្រែប្រួលនយោបាយការទូតជាដើម។ បញ្ហាជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈមដ៏ខ្លាំងខ្លារបស់ពិភពលោកយើងនេះ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែយកចិត្តទុកដាក់ និងស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវចេះធ្វើអនាម័យ រក្សាគម្លាតសុវត្ថិភាព និងរស់នៅស្អាត ដើម្បីចូលរួមទប់ស្កាត់នៃជំងឺឆ្លងដ៏កាច់សាហាវនេះ។
ប្រធានក្រុមការងារ ក៏បានរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយកម្រិតជីវភាព រស់នៅប្រចាំថ្ងៃ ឱ្យបានល្អប្រសើរ ក្នុងកំឡុងពេលដែលប្រទេសជាតិ កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។ ជាមួយគ្នានេះដែរ ក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងសៀមរាបទាំងអស់ ត្រូវតាមដានត្រួតពិនិត្យមើលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មិនអនុញ្ញាតអោយប្រជាពលរដ្ឋណាម្នាក់ ដែលខ្វះខាតដោយអត់អាហារនោះទេ ក្នុងពេលដែលជំងឺកូវីដ-១៩នេះរាតត្បាត ហើយមិនទាន់ផុតរលត់ទៅនោះ។
លោក ឥត សារ៉ាត់ បានដាស់ទឿនឱ្យសមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ត្រូវចេះគោរពស្រឡាញ់គ្នា ចេះសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ ក្នុងការកសាងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានភាពរីកចម្រើន។
ជាមួយគ្នានេះដែរ លោក សាម ទួន និងលោក ហ៊ា ហាវ ប្រធានគណបក្សប្រជាជនសង្កាត់សាលាកំរើក និងសង្កាត់ស្វាយដង្គំ ក្រុង និងខេត្តសៀមរាប លើកបញ្ជាក់អំពីភាពរីកចម្រើនក្នុងមូលដ្ឋានរបស់ខ្លួន ពីភាពរាំងស្ទះមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយសារតែការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩។