(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរងខណ្ឌ លោក ប៉ាង លីដា បានដាក់គ្រឿងចក្រទៅវាយកម្ទេចរបងផ្ទះប្រជាពលរដ្ឋមួយចំនួន ដើម្បីពង្រីកផ្លូវឲ្យធំទូលាយ ដែលមុននឹងការចុះវាយនេះបានធ្វើការជូនដំណឹងមុនរួចហើយ ប៉ុន្តែក្រោយពេលវាយរួច បានបង្កឲ្យប្រជាពលរដ្ឋចំនួនជាង១០គ្រួសារ ក្ដៅក្រហាយយ៉ាងខ្លាំងទៅវិញ។
ប្រជាពលរដ្ឋបាននាំគ្នាធ្វើការតវ៉ា ដោយលើកឡើងថា អាជ្ញាធរធ្វើនេះគ្មានតម្លាភាព អត់ធ្វើតាមគោលការណ៍ច្បាប់ទាល់តែសោះ ដោយរុះរើតែខាងពួកគាត់ ឯម្ខាងទៀតមានរបងផ្ទះមានរបងសាលារៀន និងរបងវត្តអត់ដែលទទួលផលប៉ះពាល់ដែរ បែរជាអត់ព្រមរុះរើសោះឡើយ។
ប្រជាពលរដ្ឋបាននាំគ្នាធ្វើការតវ៉ា នៅវេលារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីអាជ្ញាធរវាយរបងផ្ទះមួយចំនួនរួចមក។
ពលរដ្ឋបាននិយាយថា មុននឹងវាយអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក៏បានជូនដំណឹងមុន២សប្ដាហ៍មកហើយដែរ ហើយពួកគាត់ក៏មិនបានរារាំងអ្វីដែរ ប៉ុន្តែពួកគាត់បានស្នើសុំធ្វើការរុះរើដោយខ្លួនឯង មិនឲ្យអាជ្ញាធររុះរើទេព្រោះខ្លាចមានការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិ។
ម្យ៉ាងទៀតពួកគាត់ក៏បានប្រាប់អាជ្ញាធរច្រើនដងមកហើយថា ពួកគាត់យល់ព្រមរុះរើទាល់តែផ្អែកទៅលើគោលកាស្មើរភាពគ្នាមិនលម្អៀង។ ក្រោយមកពួកគាត់បានធ្វើការរុះរើដោយខ្លួនឯងខ្លះៗទៅហើយ និងរង់ចាំរុះរើបន្តទៀតនៅពេលក្រោយ ស្រាប់តែនៅព្រឹកថ្ងៃទី១៧ ខែកក្កដា អាជ្ញាធរបានដាក់គ្រឿងចក្រទៅរុះរើដោយគ្មានការចូលចូលរួមពីពួកគាត់ឡើយ ខណៈដែលពួកគាត់មិនបាននៅផ្ទះ។
សូមបញ្ជាក់ថា អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចេញលិខិតជូនដំណឹងកាលពីថ្ងៃទី២៦ ខែមិថុនាកន្លងទៅនេះឲ្យម្ចាស់រោងចក្រសហគ្រាស និងប្រជាពលរដ្ឋ ដែលមានលំដ្ឋាននៅអមសងខាងផ្លូវលេខ២០០៩ ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១នោះ រុះរើសំណង់ប៉ះពាល់ចេញ ដើម្បីពង្រីកផ្លូវទំហំ១០ម៉ែត្រព្រមទាំងដាក់លូផងដែរ។
អាជ្ញាធរបាននិយាយថា «តវ៉ាអីតវ៉ាទៅ! ម្ចាស់ផ្ទះនោះគឺកាលនៅជាមន្រ្តីនគរបាលខណ្ឌយើងនេះ របងយើងអត់ឲ្យធ្វើទេ តែគាត់ថាសុំធ្វើបន្ទប់ជួល ដើម្បីខ្លាចគេគាស់បន្ទប់។ អ៉ីចឹងធ្វើរបងគ្រាន់តែបិទបាំងទេ ហើយបានសុំមេថា បើពេលត្រូវការគាត់អត់តវ៉ាទេ គាត់នឹងវាយចោលហើយ»។
អាជ្ញាធរបន្តថា ការងាររដ្ឋបាលបើចាំតែប្រជាពលរដ្ឋរុះរើដោយខ្លួនឯងកាលណាធ្វើហើយទេ។ ត្រូវគិតថាសំខាន់ត្រូវបើកផ្លូវឲ្យធំ ហើយអត់មានឲ្យកន្លែងខ្លះតូច កន្លែងខ្លះធំទេ។
អាជ្ញាធរបកស្រាយថា ចំណែកផ្ទះមួយចំហៀងទៀតតាំងពីអឺយមក គាត់មានឯកសារមានប័ណ្ណ ហើយអាជ្ញាធរមុននឹងធ្វើអ្វី ក៏មានពាក់ព័ន្ធនឹងភូមិបាលដែរ៕