(រតនគិរី)៖ បន្ទាប់ពីបានបញ្ចប់ភារកិច្ចនៅខេត្តស្ទឹងត្រែង លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានបន្តដំណើរជួបសំណេះសំណាលជាមួយមន្ត្រីនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តរតនគិរី នៅសាលប្រជុំសាលាខេត្តរតនគិរី។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ប្រធានលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បានកត់សម្គាល់ថា ជនជាតិដើមភាគតិចមានចំនួនច្រើន ហើយសិទ្ធិរបស់ពួកគេ ត្រូវបានគោរព គឺ «ជនជាតិដើមភាគតិច ឬប្រជាពលរដ្ឋទូទៅត្រូវតែមានសិទ្ធិចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត ប្រសិនបើពួកគេមានឯកសារត្រឹមត្រូវតាមច្បាប់។ សន្លឹកឆ្នោតរបស់មនុស្សម្នាក់គ្មានការរើសអើង ស្មើនឹង ១សំឡេងដូចគ្នា មិនថាអ្នកមាន ឬអ្នកក្រ អ្នកតូច ឬអ្នកធំ ឬជនជាតិដើមភាគតិចនោះទេ»។
ប្រធាន គ.ជ.ប បានចោទសួរថា តើមន្ត្រីបោះឆ្នោតមានតួនាទីសំខាន់ប៉ុនណាសម្រាប់ស្រុកទេស?
ឆ្លើយតបទៅនឹងសំណួរនេះ លោក ស៊ិក ប៊ុនហុក បានពន្យល់ថា តួនាទីរបស់មន្រ្តីបោះឆ្នោតមិនថា តែនៅកម្ពុជាទេ គឺសំខាន់ណាស់សម្រាប់ប្រទេសជាតិមួយ ដែលត្រូវរក្សាបាននូវអ្វីដែលយើងកំពុងតែមានតាមរយៈការបោះឆ្នោត។
តួនាទីរបស់ដែលលោកប្រធានក្រើនរម្លឹក ជាពិសេសគឺ រួមមាន៖
* ស្វែងយល់ឱ្យបានច្បាស់ពីដំណាក់កាលទាំងបី គឺមុនបោះឆ្នោត ពេលបោះឆ្នោត និងក្រោយ បោះឆ្នោត
* ត្រូវរៀបចំការបោះឆ្នោតមួយប្រកបដោយត្រឹមត្រូវ អព្យាក្រឹត និងមិនលម្អៀង ទង្វើរបស់យើងនរណាគេក៏ដឹងដែរ ពីព្រោះមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិច្រើនណាស់ ដែលគេតាមមើលយើង ដើម្បីជ្រើសរើសមេដឹកនាំតាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ
* គោរពឱ្យខាងតែបាននូវក្រមសីលធម៌សម្រាប់មន្រ្តីបោះឆ្នោត។
ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តរតនគិរី លោក ប៉ែន ឈុនឌី បានរាយការណ៍សង្ខេបជូនគណៈប្រតិភូជាន់ខ្ពស់ គ.ជ.ប ថា ខេត្តរតនគិរី បច្ចុប្បន្នមានប្រជាពលរដ្ឋចំនួន ៤៧.៧៤៨ គ្រួសារ ស្មើនឹង ២០៦.៨៥៧ នាក់ ក្នុងនោះគឺមានជនជាតិដើមភាគតិចចំនួន ៨អំបូរ រួមមាន ជនជាតិទំពួន គ្រឹង ចារាយ កាវ៉ែត កាចក់ ព្រៅ ព្នង និងលន់ ដែលជនជាតិដើមភាគតិចទាំងនេះ មានចំនួន ៥៨% នៃចំនួនប្រជាពលរដ្ឋទូទាំងខេត្ត។
តាមការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅខេត្តរតនគិរី ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង មានចំនួន ១១០.៣៩៩ នាក់ ហើយផែនការចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២០ នេះ គឺ ៣.៧៥៤ នាក់។ លោកបានបន្ថែមថា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០១៩ សរុបចំនួន ១០០.៣១២ នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៧៨ ការិយាល័យ។
បើតាមលោក ប៉ែន ឈុនឌី ខេត្តរតនគិរី មានក្រុង ស្រុក ចំនួន ៩ និងឃុំ សង្កាត់ ចំនួន ៥០ ហើយភូមិសាស្រ្តផ្លូវគមនាគមន៍មួយចំនួនជួបនូវការលំបាកក្នុងពេលចល័តក្រុមចុះឈ្មោះបោះឆ្នោត និងការដឹកជញ្ជូន សម្ភារបោះឆ្នោត ដូចជា នៅភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ និងភូមិប៉ាក់កែ ឃុំវើនសៃ ស្រុកវើនសៃ។ ចំណែកឯប្រវតិ្តនៃការប្រើប្រាស់វិញលោកបានឱ្យដឹងថា អគារដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ គឺបានសាងសង់នៅឆ្នាំ១៩៩០ ហើយរដ្ឋបាលសាលាខេត្តបានឱ្យ ល.ខ.ប ខ្ចីធ្វើជាទីស្នាក់ការបណ្តោះអាសន្នតាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ។
រហូតមកដល់ពេលនេះ ស្ថានភាពអគារមានលក្ខណៈទ្រុឌទ្រោមខ្លាំងពិ បាក ដល់ ការអនុវត្តការងារបច្ចេកទេស និងការទុកដាក់សម្ភារបរិក្ខារសម្រាប់បម្រើឱ្យការបោះឆ្នោត។ លោកបានបន្តថា ល.ខ.ប មានដីមួយកន្លែងដែលរដ្ឋបាលខេត្តបានប្រគល់ឱ្យធ្វើជាកម្មសិទ្ធិ មានទំហំ ១.៦០០ ម៉ែត្រការ៉េ ស្ថិតនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ប៉ុន្តែមិនទាន់មានមធ្យោបាយសាងសង់ដោយស្នើសុំ គ.ជ.ប ជួយរកមធ្យោបាយដោះស្រាយ។
ឆ្លើយតបទៅនឹងសំណូមពររបស់ ល.ខ.ប លោកប្រធា នបានបញ្ជាក់ថា ខេត្តរតនគិរី គឺមួយក្នុងចំណោមខេត្តចំនួន ៦ ផ្សេងទៀត ដែលមិនទាន់មានអគារផ្ទាល់ខ្លួន ហើយនឹងមាននៅពេលអនាគត។ ការដែលមិនទាន់មានអគារ ដោយសារ គ.ជ.ប ជាកូនពៅនៃស្ថាប័នរដ្ឋ ព្រោះ គ.ជ.ប ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧៕