(កំពត)៖ នៅឆមាសទី១ ឆ្នាំ២០២០នេះ ការនាំចេញចេកមានចំនួនជាង ១៤ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួនជាង ៦៨លានដុល្លារអាមេរិក។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អ្នករកស៊ីដាំចេកអំបូងលឿងទាំងអស់ ត្រូវប្រកាន់ខ្ជាប់ និងអនុវត្តតាមសៀវភៅបន្ទុក ដូចជាការផលិតមានអនាម័យខ្ពស់ ការវេចខ្ចប់ ការរក្សាទុក និងមិនប្រើប្រាស់សារធាតុគីមី ដើម្បីធានាទាំងគុណភាព និងអនាម័យខ្ពស់ ដែលមិនប៉ះពាល់សុខភាពអ្នកបរិភោគ និងរក្សាបានកំណើនបរិមាណនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ការអំពាវនាវរបស់លោក ប៉ាន សូរស័ក្តិ បានធ្វើឡើងក្នុងពេលចុះបំពេញទស្សនកិច្ចនៅកសិដ្ឋានផលិតចេកអំបូងលឿងរបស់ក្រុមហ៊ុន Longmate Agriculture នៅស្រុកឈូក ខេត្តកំពត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ។ លោក ប៉ាន សូរស័ក្តិ រួមនិងលោក ជាវ តាយ អភិបាលខេត្តកំពត អមដោយមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅថ្ងៃនេះបានចុះទស្សនកិច្ចនៅក្រុមហ៊ុនដាំចេកអំបូងលឿងក្នុងខេត្តកំពតនេះ ដើម្បីស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្ម រចនាសម្ព័ន្ធវេចខ្ចប់ និងការកែច្នៃ សម្រាប់នាំចេញ។

បន្ទាប់ពីបានបំពេញទស្សនកិច្ច និងស្តាប់បទបង្ហាញរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនហើយនោះ លោករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ម្ចាស់កសិដ្ឋានដែលបានបង្កើតកសិដ្ឋានដ៏ធំនេះឡើង ហើយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីធ្វើការកែច្នៃសម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស ជាពិសេសសម្រាប់ការនាំចេញ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានកោតសរសើរថា ការដាំចេកអំបូងលឿងនេះ មិនត្រឹមជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិនោះទេ តែបានរួមចំណែកបង្កើតការងារ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានក្បែរៗកសិដ្ឋានថែមទៀតផង។

លោករដ្ឋមន្ត្រី បានណែនាំឲ្យបុគ្គលិកបម្រើការងារក្នុងកសិដ្ឋានទាំងអស់ឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ និងបង្កើនភាពប្រុងប្រយ័ត្ន ដើម្បីជាប្រយោជន៍ដល់ក្រុមហ៊ុន ក្នុងការធានាដល់គុណភាព និងនិរន្តរភាពនៃទីផ្សារ ហើយក៏ជាប្រយោជន៍ដល់ខ្លួនឯងផងដែរ។

សូមជម្រាបថាក្រុមហ៊ុន Longmate Agriculture Co., Ltd គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងកម្ពុជា-ចិន បានវិនិយោគដាំចេកអំបូងលឿងលើផ្ទៃដី ៤,០០០ហិកតា ក្នុងស្រុកឈូក ខេត្តកំពត និងចាប់ផ្តើមដំណើរការផលិតកម្ម ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយនៅខែកមរា ឆ្នាំ២០១៩ ក្រុមហ៊ុន បាននាំចេញជាលើកដំបូងទៅទីផ្សារ។

តាមតួលេខរបស់ក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០១៩ កម្ពុជាបាននាំចេញចេកជាង ១៥ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ៥៩,៣៣៦,៨៥៤ ដុល្លារ ទៅកាន់ទីផ្សារ អាស៊ី និងអូសេអានី។

នៅឆមាសទី១ ឆ្នាំ២០២០នេះ ការនាំចេញចេកមានចំនួនជាង ១៤ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ៦៨,៥៦២,៧៩៣ដុល្លារ និងមានទិសដៅ នាំចេញទៅកាន់អឺរ៉ុប អាស៊ី អូសេអានី និងទីផ្សារដ៏សំខាន់មួយទៀតគឺប្រទេសចិន។ រដ្ឋាភិបាលចិន បានទទួលស្គាល់ និងអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ៩ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចនាំចេញផ្លែចេកទៅកាន់ប្រទេសចិនបាន៕


(រូបភាពចុះទស្សនកិច្ចកសិដ្ឋានផលិតចេកអំបូងលឿងនៅខេត្តកំពត សម្រាប់នាំចេញ 2020-07-17)