(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានសម្រេចចុះបិទទីតាំងអាជីវកម្មបារមួយកន្លែង ឈ្មោះ Wild Orchid Bar មានទីតាំងផ្លូវលេខ១៣៦ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ជាបណ្តោះអាសន្ន ដោយមូលហេតុ បង្កសំលេងរំខានដល់ការរស់នៅបងប្អូនប្រជាពលរដ្ឋ (ឈ្លោះប្រកែកគ្នាជារឿយៗ) និងមានពាក្យបណ្តឹងពីប្រជាពលរដ្ឋជិតខាងផងដែរ។
ការចុះបិទទីតាំងនេះធ្វើឡើងនៅល្ងាច ថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៧៖០០នាទី ដោយសមាសភាពចូលរួមអនុវត្តបិទអាជីវកម្មខាងលើបណ្តោះអាសន្នរួមមាន៖ លោក ចាន់ គន្ថេត អភិបាលរងខណ្ឌ, លោក ទៀង ច័ន្ធសារ អធិការនគរបាលខណ្ឌ, លោក មួន ស្រ៊ាន មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោក សុក ពិសី នាយករងរដ្ឋបាលខណ្ឌ, លោក នោ សិរីរ័ត្ន ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍, លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈខណ្ឌ, លោក សំ សារិទ្ធ ចៅសង្កាត់ផ្សារកណ្តាលទី១ និងកម្លាំងពាក់ព័ន្ធមួយចំនួទៀត។
ក្នុងប្រតិបត្តិការជាក់ស្តែង កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សម្រេចបិទអាជីវកម្ម Wild Orchid Bar ជាបណ្ដោះអាសន្ន ដើម្បីជាការព្រមាន ក្នុងករណីនៅតែបន្តលួចលាក់បើកអាជីវកម្មខាងលើ បង្កសំឡេងរំខានដល់បងប្អូនប្រជាពលរដ្ឋជិតខាងទៀតនោះ រដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការរដ្ឋបាល ចុះដកហូតសម្ភារផ្សេងៗ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ ព្រមទាំងឈានដល់ការបិទអាជីវកម្មស្ថាពរបន្ថែមទៀត៕