(ស្ទឹងត្រែង)៖ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឃាត់រថយន្តយីឌុបចំនួន២គ្រឿង ដែលធ្វើដំណើរមកពីខេត្តកំពង់ធំ ដឹកឧបករណ៍នេសាទពេញៗបម្រុងយកទៅធ្វើការនេសាទត្រីនៅតំបន់អាងទឹកវារីអគ្គិសនីសេសានក្រោម២ ស្រុកសេសាន។
ក្រោយពីបានត្រួតពិនិត្យដោយមន្រ្តីជំនាញជលផលរួចមក ចំពោះឧបករណ៍ដែលល្មើសច្បាប់ត្រូវបានមន្រ្តីជំនាញ ដកហូតទុក និងបានធ្វើកិច្ចសន្យាមិនឲ្យដឹកជញ្ជូនប្រភេទឧបករណ៍ណា ដែលច្បាប់ហាមឃាត់ ដូចជា លបប្រើសមួយរយ និងស្បៃមុងជាដើម។
ដោយឡែកឧបករណ៍ដែលស្របច្បាប់ មន្រ្តីជំនាញបានប្រគល់ឲ្យទៅម្ចាស់វិញ និងបានណែនាំបន្ថែមទៀតពីការនេសាទណាដែលត្រូវតាមច្បាប់ និងការនេសាទដែលខុសច្បាប់។
គួរបញ្ជាក់ថា នៅតំបន់អាងទឹកវារីអគ្គិសនី ក្រោយពីសាងសង់ជាវារីអគ្គិសនី គឺមានការកើនឡើងយ៉ាងច្រើននូវត្រីគ្រប់ប្រភេទ តែទន្ទឹមជាមួយគ្នានេះផងដែរ ក៏មានការកើនឡើងយ៉ាងគំហុគ នៃអ្នកនេសាទដែលចំណាកស្រុកមកពីខេត្តក្រចេះ កំពង់ចាម ត្បូងឃ្មុំ និងកណ្តាលផងដែរ។
បើតាមមន្រ្តីរដ្ឋបាលជលផល ក្នុងរយៈពេល២-៣ឆ្នាំចុងក្រោយនេះ ជំនាញជលផលខេត្តស្ទឹងត្រែង បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកាត់បន្ថយបទល្មើសជលផល ជាពិសេសការប្រើ ឧបករណ៍ឆក់ត្រី និងគ្រឿងផ្ទុះ ព្រមទាំងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់សាធារណជន និងប្រជានេសាទនៅគ្រប់មូលដ្ឋាន។
ក្រោមកិច្ចខិតខំប្រឹងប្រែងនេះ ឧបករណ៍ល្មើសច្បាប់ជាច្រើនប្រភេទត្រូវបានដកហូត និងរឹបអូសយកមករក្សាទុក និងបំផ្លាញចោល។
ជាថ្មីម្តងទៀង ទាំងជំនាញជលផល ទាំងអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ សូមអំពាវនាវដោយទទូចចំពោះបងប្អូនប្រជានេសាទទាំងអស់ សូមមេត្តាបញ្ឈប់ជាបន្ទាន់ការធ្វើនេសាទដែលនាំឲ្យ មហន្តរាយដល់ធនធានជលផលរបស់យើង ហើយរួមគ្នាថែរក្សា ការពារនូវធនធានដ៏កម្រទាំងនេះដើម្បីធានាបាននូវចិរភាពដល់កូនចៅជំនាន់ក្រោយៗទៀត៕