(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២២ ខែក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាលខេត្តបាត់ដំបង បានរៀបចំពិធីប្រគល់-ទទួល Tablet រវាងមន្ទីរផែនការខេត្ត និងឃុំ សង្កាត់ ចំនួន១០២ ទូទាំងខេត្ត សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ អំឡុងពេលកូវីដ-១៩ ក្រោមវត្តមានលោក ងួន រតនៈ អភិបាលខេត្ត, លោក អេ សារុំ សមាជិកក្រុមប្រឹក្សាខេត្ត, លោក ទីវ កុសល ប្រធានមន្ទីរផែនការខេត្ត និងមានការចូលរួមពីលោកអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្រ្តីពាក់ព័ន្ធចូលរួមផងដែរ។
លោក ទីវ កុសល បានឡើងមានមតិសំខាន់ៗ និងបញ្ហាប្រឈមនានាជូនអង្គពិធី ក្នុងការចុះស្រង់ស្ថិតិគ្រួសារប្រជាពលរដ្ឋក្រីក្រ តាមរយៈការផ្តល់ប័ណ្ណសមធម៌ ប្រគល់សាច់ប្រាក់ជូនពួកគាត់ មានតម្លាភាព កន្លងមក និងដើម្បីសុំឲ្យថ្នាក់ដឹកនាំចូលរួមដោះស្រាយផងដែរ។
លោក ងួន រតនៈ បានថ្លែងអំណរគុណដល់ក្រុមការងារចុះផ្សព្វផ្សាយ ការកំណត់អត្តសញ្ញាណគ្រួសារប្រជាពលរដ្ឋក្រីក្រ ដោយមិនគិតពណ៌សម្បុរ និន្នាការបក្សនយោបាយនោះឡើយ ដែលដឹកនាំដោយក្រសួង និងមន្ទីរផែនការខេត្ត ជាអ្នកអនុវត្តផ្ទាល់ជាមួយមេឃុំ ចៅសង្កាត់ កន្លងមក ជាលទ្ធផលធ្វើបានល្អប្រសើរ។
លោកបានបញ្ជាក់ថា នេះកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តលើគ្រួសារប្រជាពលរដ្ឋក្រីក្រពិតប្រាកដនាអំឡុងពេលកូវីដ-១៩កន្លងទៅ បានធ្វើឡើង ទទួលលទ្ធផលល្អ ហើយក្រុមការងារបានធ្វើការនេះ តាមរយ:ប្រព័ន្ធអ៊ិនធើណិត ដោយប្រើឧបករណ៍ Tablet។ ដោយមានខ្វះខាតទើបក្រសួងផែនការ បានប្រគល់ឧបករណ៍បន្ថែមទៀត១០២គ្រឿង ជូនទាំង១០២ឃុំ សង្កាត់ ដោយមួយឃុំទទួលបាន១គ្រឿងទៀត សម្រាប់យកទៅប្រើប្រាស់ឲ្យមានតម្លាភាព ប្រសិទ្ធភាពខ្ពស់។
លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ក្រុមការងារនៅតាមមូលដ្ឋាននានា បន្តធ្វើកិច្ចការងារនេះបន្តបន្ថែមទៀត ព្រោះមានទិន្ន័យក្នុងដៃរួចហើយ ដោយកន្លងមកគោលនយោបាយរាជរដ្ឋាភិបាលបានប្រកាសប្រគល់ថវិកាជូនពួកគាត់រយៈពេល២ខែទេ គឺខែមិថុនា និងខែកក្កដា ឆ្នាំ២០២០ បើសិនជាមានគោលការណ៍ថ្មី នឹងចុះអនុវត្តការងារនេះបន្តទៀតផងដែរ៕