(កណ្ដាល)៖ បន្ទាប់ពីទទួលបានសារពីប្រជាពលរដ្ឋនៅស្រុកពញាឮ ពីករណីល្បែងស៊ីសងកត់កន្ទុយលេខ (ឆ្នោតវៀតណាមជាដើម ) លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោក ដួង តេង អធិការនគរបាលស្រុក ចុះពិនិត្យករណីនេះភ្លាម។ ពេលចុះទៅដល់នគរបាលបានរកឃើញផ្ទះកត់កន្ទុយលេខ (ឆ្នោតខ្មែ) និងល្បែងផ្សេងទៀតចំនួន៤ និងបានធ្វើការអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តិទង្វើទាំងនេះ។

ករណីចុះទៅដល់ទីតាំងផ្ទះមេឆ្នោតទាំងអស់នេះធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ដោយគោលដៅត្រូវចាត់ការមានចំនួន៤គោលដៅ ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល

នគរបាលបានឱ្យដឹងថា មនុស្សទាំង៤នាក់ ដែលជាអ្នកបើកល្បែងនេះមាន៖

* ទី១៖ ឈ្មោះ ឈួន សុធី ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (កត់ប្រភេទឆ្នោតកន្ទុយលេខខ្មែរ) ។
* ទី២៖ ឈ្មោះ ឡុង យ៉ុង ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ផ្ដល់កន្លែងលែងបៀរ) ។
* ទី៣៖ ឈ្មោះ ថេង ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររោងពុម្ភ (ប្រភេទកត់ឆ្នោតកន្ទុយលេខខ្មែរ)។
* ទី៤៖ឈ្មោះ ស៊ុន ស្រីចាន់ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ (ប្រភេទកត់ឆ្នោតកន្ទុយលេខខ្មែរ) ។

ការចុះបង្ក្រាបនេះគឺបន្ទាប់ពីពលរដ្ឋល្អម្នាក់បានរាយការណ៍ចូលមក Page ស្នងការ ហើយក្រុមការងារប្រតិកម្មរហ័សក៏បានទទួលដំណឹងនេះ និងបាន រាយការណ៍ជូនលោកឧត្តមសេនីយ៍ស្នងការ ភ្លាមនោះលោកស្នងការក៏ចាត់ឱ្យលោកអធិការធ្វើរឿងនេះជាបន្ទាន់។

គួរជម្រាបជូនថា ករណីល្បែងស៊ីសងដូចជាកត់កន្ទុយលេខឆ្នោតវៀតណាម ឆ្នោតខ្មែរ ល្បែងបញ្ជល់មាន់ និងល្បែងស៊ីសងជាច្រើនប្រភេទទៀត ត្រូវបានគេរាយការណ៍ថា មានច្រើនស្កេកស្កះនៅតាមផ្សារ តាមហាងកាហ្វេ និងតាមផ្ទះដោយលួចលាក់ក្នុងក្រុងតាខ្មៅ ស្រុកស្អាង ស្រុកអង្គស្នួល ស្រុកខ្សាច់កណ្ដាល ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងតាមបណ្ដាស្រុកផ្សេងៗទៀត ដែលតាមសេចក្ដីរាយការណ៍ច្បាស់លាស់ថា គេបង់ជាកញ្ចប់ដល់មនុស្សមួយចំនួនតាមមូលដ្ឋាន និងមនុស្សផ្សេងៗទៀត ជាថ្នូរនឹងភាពរលូនល្អនៃដំណើរអាជីវកម្មខុសច្បាប់មួយនេះ ដែលប្រឆាំងនឹងគោលនយោបាយ៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា៕