(ភ្នំពេញ)៖ ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន ជីហ្គៀគ្រុប (GGear Group) បានបើកសម្ពោធសាខាថ្មីមួយទៀត នៅផ្ទះលេខ៤១ ផ្លូវ ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោគ រាជធានីភ្នំពេញ ។
ពិធីបើកសម្ពោធសាខាថ្មីនេះធ្វើឡើងនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីហ្គៀគ្រុប ( GGear Group ) និងក្រុមហ៊ុន LG Electronic ប្រចាំប្រទេសកម្ពុជាជាច្រើនរូប។
ហាងទំនើប LG BRANDSHOP មានវត្ថមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១២មកម្លេះ បច្ចុប្បន្ននេះមាន៥សាខានៅក្នុងរាជធានីភ្នំពេញ និង ៦សាខាទៀតនៅតាម បណ្ដាខេត្ត ក្រុងមួយចំនួនដូចជា ខេត្តកំពង់ចាម, ខេត្តសៀមរាប, ខេត្តបាត់ដំបង, សាខាក្រុងព្រះសីហនុ, ក្រុងកំពត និងក្រុងតាខ្មៅ។ សាខាទាំងអស់នេះផ្តល់ភាពងាយស្រួល និងមានលក្ខណៈទូលំទូលាយដល់អតិថិជនទាំងអស់ក្នុងការស្វែងរកផលិតផលគ្រឿងអេឡិចត្រូនិច LG ។
ចំពោះផលិតផលនៅ LG BRANDSHOP សាខាទួលគោកថ្មីនេះគឺមានដាក់តាំងបង្ហាញ និងលក់នូវរាល់ឧបករណ៍អេឡិចត្រូនិចរបស់ម៉ាក LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពងសំឡេង និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធតែជាផលិតផល ទំនើបៗ និងម៉ូដែលថ្មីៗចុងក្រោយគេបង្អស់របស់ LG ។
អតិថិជនទាំងអស់អាចស្វែងរក និងទទួលយកនូវបទពិសោធន៍ថ្មីៗដ៏អស្ចារ្យ ពីបច្ចេកវិទ្យាចុងក្រោយនៃគ្រឿងអេឡិចត្រូនិច LG គ្រប់ប្រភេទទាំងអស់នៅហាង LG BRANDSHOPថ្មីនេះ។ ក្រុមហ៊ុនក៏មានក្រុមការងារដែលមានជំនាញច្បាល់លាល់ និងបទពិសោធន៍យូឆ្នាំលើផលិតផលទាំងអស់នេះ ដើម្បីណែនាំ និងប្រាប់អតិថិជន ពីផលិតផលដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងគេហដ្ឋាន។
លោក ស៊ុង ស៊ុកគីម អគ្គនាយកក្រុមហ៊ុន LG Electronic ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា គោលបំណងដែលក្រុមហ៊ុនលោកសហការបើកហាង LG BRANDSHOP គឺដើម្បីផ្តល់ជូនដល់អតិថិជនទាំងអស់នូវតំបន់សុវត្ថិភាព និងភាពងាយស្រួលក្នុងការទិញផលិតផល LG ផ្តាច់មុខ និងដែលប្រកបដោយគុណភាព។ លោកសន្យាថា នឹងបន្តបើកហាង LG BRANDSHOP បន្ថែមទៀត នាពេលខាងមុខ នៅតាមបណ្តាខេត្តផ្សេងៗទៀត បើទោះបីជាស្ថិតក្នុងស្ថានភាពកូវីដ១៩ក៏ដោយ ព្រោះចក្ខុវិស័យ របស់ក្រុមហ៊ុន គឺធ្វើឱ្យជីវិតកាន់តែប្រសើរឡើងជាមួយអតិថិជន។
លោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear Group) បានឱ្យដឹងដែរថា បញ្ហាសំខាន់ដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងជួបប្រទះ នាពេលបច្ចុប្បន្ននេះ គឺការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជំងឺនេះពិតជាធ្វើឱ្យមានផលប៉ះពាល់ជាសកល។ លោកថា បច្ចុប្បន្ននេះយើងទាំងអស់គ្នា ក៏ដូចជាការ បើកដំណើរការអាជីវកម្មផ្សេងៗ គឺត្រូវសម្របខ្លួនទៅតាមសម័យកាលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដែលជាទូរទៅត្រូវបានគេហៅថា New Normal។
ជាក់ស្តែងហាងលក់គ្រឿងអេឡិចត្រូនិច LG BRANDSHOP គ្រប់សាខាទាំងអស់ គឺបានប្រកាន់ភ្ជាប់ និងអនុវត្តវិធានការទប់ស្កាត់ និងការពារការចម្លងមេរោគកូវីដ១៩នេះ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន បានន័យថានៅពេលមកទិញ ឬផលិតផលនៅទីនេះ មានទាំងការថែទាំសុខភាព ការរក្សាអនាម័យ ពិសេស សុខភាពសុវត្ថិភាពសំរាប់ភ្ញៀវទាំងអស់ និងក៏ដូចជាបុគ្គលិកផងដែរ។
លោកឧកញ៉ា សុខ ពិសិដ្ឋ បានបន្ថែមថា ក្នុងឱកាសបើកសម្ពោធសាខាថ្មី សាខាទួលគោកនេះផងដែរ LG BRANDSHOP និងធ្វើការលក់បញ្ចុះតម្លៃយ៉ាងពិសេស រហូតដល់ទៅ៣៥% រួមនិងការថែមជូនដោយឥតកំណត់ និងមានឱកាសផ្សងសំណាងចាប់រង្វាន់ជាច្រើនសន្ធាប់សន្ធឹបថែមទៀតផង ដែលចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០៕