(កំពង់ឆ្នាំង)៖ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណ:ថ្នាក់កិត្តិយស និងជាព្រះអនុគណស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងជាទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីកាថា វត្តអារាមជាទីជំរកអប់រំ ចរិយាធម៌ ដល់ពុទ្ធបរិស័ទ យុវជនដែលជាទំពាំងស្នងឫសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នាដើមី្បថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូរសមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហិង្សាគ្រួសារ និងសង្គមជាតិ ។
ព្រះមេត្តិសត្ថា វង្ស កុសល មានសង្ឃដីកាដូចនេះ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នេះ ក្នុងឪកាសដែលព្រះអង្គជាព្រះអធិបតីភាពប្រកាសតែងតាំងព្រះភិក្ខុ សេក ផល្លីជាព្រះចៅអធិការស្តីទីវត្តភ្នំព្រះ និងស្រោចស្រពសុគន្ធវារី ស្ថិតក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ពិធីនេះក៏មានការចូលរួមពី លោក សរ លាង ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តចូលរួមពីព្រះសន្តិកោសល ប៉ិន គង្គា ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូ ទិល សារ៉ាន់ ព្រះធម្មធរ អនុគណស្រុករលាប្អៀរ, ព្រះគ្រូបញ្ញាបទីបោ ម៉ុច សៅលី ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងលោក ផៅ ស្រៀង អភិបាលរងស្រុករលាប្អៀរ មន្រ្តីមន្ទីរធម្មការ និងសាសនាខេត្ត អាជ្ញាធរដែនដី និងពុទ្ធបរិស័ទចូលរួមផងដែរ។
ព្រះមេត្តិសត្ថា វង្ស កុសល មានសង្ឃដីការបន្តថា ការប្រកាសផ្តល់ដំណែងដល់មន្រ្តីសង្ឃនាពេលនេះគឺដើម្បីបំពេញឱ្យបានត្រឹមត្រូវនូវរចនាសម្ព័ន្ធនៃការគ្រប់គ្រងការដឹកនាំផ្នែកពុទ្ធសាសនា ដើម្បីគ្រប់គ្រងកសាងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្តឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀតផងដែរ។
លោក សរ លាង បានលេីកឡេីងដែរថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ មានការអភិវឌ្ឍរីកចម្រើនទន្ទឹមគ្នាពិសេសពុទ្ធបរិស័ទមានជីវភាពធូរធារ និងមានសិទ្ធិគោរពតាមជំនឿសាសនារៀងៗខ្លួន ជាពិសេសប្រទេសកម្ពុជា ព្រះពុទ្ធសាសនា ជាសសានារបស់រដ្ឋ ដូចនេះមានប្រជាពលរដ្ឋជាច្រើន បានគោរពប្រតិបត្តិព្រះពុទ្ធសាសនា ។
លោក សរ លាង ក៏បានផ្ដាំផ្ញើដល់អាចារ្យគណៈកម្មការទាំងអស់ត្រូវចេះសាមគ្គីភាពគ្នាឱ្យបានល្អគឺត្រូវគោរពតាមតួនាទីនិងភារកិច្ចរបស់ខ្លួនដែលមន្ទីរបានកំណត់។ ជាមួយគ្នានោះលោក ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់នូវជំងឺផ្សេងៗជាពិសេស ជំងឺ COVID-១៩ កុំឱ្យកើតមានក្នុងគ្រួសារ និង នៅក្នុងសហគមន៍។
សូមបញ្ជាក់ដែរថា ចុងបញ្ចប់នៃពិធីប្រកាសតែងតាំងនេះព្រះមេត្តិសត្ថា វង្ស កុសល និងមន្ត្រីសង្ឃផ្សេងៗទៀតក៏បាន ចែកទេយ្យទានដល់ ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥០គ្រួសារ ផងដែរ៕