(ស្វាយរៀង)៖ បន្ទាប់ពីបញ្ចប់បេសកកម្មនៅខេត្តព្រៃវែង លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានធ្វើដំណើរទៅកាន់ខេត្តស្វាយរៀង ដើម្បីជួបសំណេះសំណាលជាមួយមន្ត្រី ល.ខ.ប ស្វាយរៀង ជាបន្តទៀត នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការរបស់ ល.ខ.ប ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
លោក សុខ សាគុន ប្រធាន ល.ខ.ប ស្វាយរៀង បានរាយការណ៍ជូនគណៈប្រតិភូជាន់ខ្ពស់ គ.ជ.ប ពីវឌ្ឍនភាពរបស់ ល.ខ.ប ក្នុងការទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ផងដែរ។
តាមរបាយការណ៍ប្រធាន ល.ខ.ប ខេត្តស្វាយរៀង មានក្រុង ស្រុក ចំនួន ៨ និងឃុំ សង្កាត់ចំនួន ៨០ ហើយប្រជាពលរដ្ឋសរុបទូទាំងខេត្តមានចំនួន ១៥២.១៧៣ គ្រួសារ ស្មើនឹង ៦៤២.៧១៣ នាក់ ក្នុងនោះអ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង មានចំនួន ៣៧១.៩៨៨ នាក់។ លោកបានបន្តថាតាមការប៉ាន់ស្មានប្រជាពលរដ្ឋមិនទាន់ចុះឈ្មោះបោះឆ្នោត នៅឆ្នាំ២០២០ មានចំនួន ៨.៣០៣ នាក់ ហើយផែនការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានចំនួន ៥.៣៩៤ នាក់។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ ល.ខ.ប លោកប្រធាន គ.ជ.ប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តី ល.ខ.ប ដែលបានខិតខំបំពេញការងារកន្លងមក ហើយត្រូវខិតខំធ្វើឱ្យបានល្អជាបន្តទៀត។
លោកប្រធានបានបន្តថា ការចុះមកផ្ទាល់ដល់ទីស្នាក់ការ ល.ខ.ប នាពេលនេះ ដើម្បីស្វែងយល់ពីការលំបាក និងរកវិធីដោះស្រាយជូន ម៉្យាងទៀតដើម្បីឱ្យមន្រ្តីបោះឆ្នោតបានយល់អំពីទិសដៅនៃការធ្វើកំណែទម្រង់របស់ គ.ជ.ប គឺការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងការផ្សព្វផ្សាយលទ្ធផលបោះឆ្នោតអាចនឹងធ្វើតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកប្រធានបានគូសបញ្ជាក់ថា «គ្មានការងារណាដែលល្អឥតខ្ចោះនោះទេ អញ្ចឹងការកែទម្រង់ គឺដើម្បីលុបបំបាត់រាល់បញ្ហាដែលនៅសេសសល់ ហើយនេះជាការងារធម្មតា ពីព្រោះសង្គមវិវត្តទៅមុខ។ ជាពិសេសទៅទៀត មន្ត្រីបោះឆ្នោតត្រូវខិតខំពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា»។
លោក ស៊ិក ប៊ុនហុក ក៏បានគូសបញ្ជាក់អំពីគោលការណ៍ជាសកលមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតដូចជា ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ គេឯកភាពគ្នាទូទាំងសកលលោក ទទួលស្គាល់ការពិតចំនួន ៣ ពាក់ព័ន្ធនឹងជោគជ័យនៃការបោះឆ្នោត៖
* ត្រូវផ្តល់ព័ត៌មានយ៉ាងមានប្រសិទ្ធភាពរវាងតួអង្គសំខាន់ៗពាក់ព័ន្ធទៅនឹងការបោះឆ្នោត
* ត្រូវប្រកបដោយចរិតវិជ្ជាជីវភាពយ៉ាងខ្លាំងក្លា
* ត្រូវប្រកបដោយតម្លាភាពយ៉ាងធំធេងបំផុត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
លោកបានបញ្ចប់បេសកកម្មលើកទី២ របស់លោក នៅតាមបណ្ដាខេត្តក្នុងភូមិភាគឦសាន ចំនួន ៩ គឺខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀង បន្ទាប់ពីបេសកកម្មលើកទី១ កាលពីខែមិថុនា នាពេលកន្លងមក នៅតាមបណ្ដាខេត្តចំនួន ៨ នៃភូមិភាគពាយ័ព្យ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយ-មានជ័យ ឧត្តរមានជ័យ សៀមរាប និងខេត្តកំពង់ធំ ដើម្បីពង្រឹងកោសិកានៃការបោះឆ្នោតថ្នាក់មូលដ្ឋាន ពីព្រោះការបោះឆ្នោតប្រព្រឹត្តទៅនៅតាមរាជធានី ខេត្ត ក្រុង នានា មិនមែនធ្វើនៅតែ គ.ជ.ប ទេ គឺធ្វើនៅតាម លធ.ខប ទាំង ២៥ រាជធានី ខេត្ត។
ចំពោះ លធ.ខប នៅខេត្តដទៃទៀត លោកប្រធាននឹងបន្តសំណេះសំណាល ក្នុងពេលវេលាសមស្រប ដើម្បីជួបផ្ទាល់ជាមួយនឹងមន្ត្រីបោះឆ្នោតនៅទូទាំងប្រទេស៕