(សៀមរាប)៖ ទីបំផុតបុរសដែលបានលើកកាំបិតគំរាមសម្លាប់ម្តាយមីង និងវាយបំផ្លាញទ្រព្យសម្បត្តិ ដោយបានលីកាំបិតខ្វែវដើរកាប់គេឯង តាមផ្លូវ និងកាប់ម៉ូតូ រួមនឹងលួចបើកបររថយន្តរបស់ពលរដ្ឋមួយគ្រឿង បង្កការភ្ញាក់ផ្អើល និងភ័យខ្លាច នៅក្រុងសៀមរាប គឺត្រូវសមត្ថកិច្ច តាមចាប់ខ្លួនបានពីកំពូលភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ ដែលជាអ្នកបានដឹកនាំប្រតិបត្តិការនេះ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីគណៈបញ្ជាការឯកភាពខេត្ត គឺបុរសដែលបានបង្កការភ័យខ្លាចរូបនេះ គឺចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យ ក្នុងភូមិក្រាំងដូង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
លោកបានបន្ថែមថា កម្លាំងនគរបាលខេត្តសៀមរាប ជាអ្នកដឹកនាំ និងមានការចូលរួមអនុវត្តផ្ទាល់ ពីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប សហការជាមួយផែនការងារសន្តិសុខ អធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ទើបចាប់ឃាត់ខ្លួនជនសង្ស័យ ដែលមានឈ្មោះ អែម បញ្ញា អាយុ២៧ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅជិតសាលាបៀលប្រាយ ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជនដែលមានឈ្មោះខាងលើ បានលីកាំបិតខ្វែវដើរកាប់គេឯងតាមផ្លូវ និងកាប់ម៉ូតូ រួមនិងបានបើកបររថយន្តរបស់ពលរដ្ឋមួយគ្រឿង គេចទៅទុកចោល នៅស្រុកប្រាសាទបាគង។
បើតាមសមត្ថកិច្ចថា ដោយករណីបែបនេះកើតឡើងសមត្ថកិច្ចខេត្តសៀមរាប បានតាមប្រមាញ់ជាបន្តបន្ទាប់ ព្រោះជននេះបានធ្វើឲ្យពលរដ្ឋមួយចំនួន មានការព្រួយបារម្ភផងដែរ។ ជនសង្ស័យខាងលើបានទៅសំងំលាក់ខ្លួន នៅលើភ្នំពូលភ្នំត្បែងមានជ័យ ដើម្បីស្នាក់នៅបណ្ដោះអាសន្ន។
បច្ចុប្បន្ននេះសមត្ថកិច្ចបាននាំជនសង្ស័យ មកកាន់ខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕