(កណ្តាល)៖ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណៈអចិន្ត្រៃ គណៈពង្រឹងមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានថ្លែងថា សន្តិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់ឈានទៅរកវឌ្ឍនភាព និងជឿនលឿន នៅកម្ពុជាសន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន សន្តិភាពនឹងនៅបន្តភាពរឹងមាំមិនបាត់បង់ឡើយ។
ការថ្លែងយ៉ាងដូច្នេះរបស់កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញរៀបចំក្រុងពាលី តាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីរុះរើកសាងព្រះវិហារថ្មី វត្តបឹងខ្យាងឡើងវិញ ដោយព្រះវិហារចាស់ស្ថិតនៅក្នុងឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី១៣ ខែកក្កដា២០២០ ត្រូវបានអគ្គីភ័យឆាបឆេះ ធ្វើឱ្យសំណង់ព្រះវិហារទ្រុឌទ្រោមទាំងស្រុង។
កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានឱ្យដឹងថា ដោយមើលឃើញនូវសភាពការណ៍ជាក់ស្ដែង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់ថវិការតាមរយៈរូបលោក ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីកសាងព្រះវិហារនេះឡើងវិញ ទុកជាទីសក្ការៈគោរពបូជា តាមគន្លងវិស័យព្រះពុទ្ធសាសនា។
ជានិច្ចជាកាលនៅពេលប្រជាពលរដ្ឋ ជួបការលំបាកដោយគ្រោះធម្មជាតិដូចជាទឹកជំនន់ អគ្គីភ័យគ្រោះរាំងស្ងួត និងគ្រោះមហន្តរាយផ្សេង សម្ដេចទាំងទ្វេតែងតែចាត់ឱ្យមន្រ្តីក្រោមឱវាទ ចុះពិនិត្យ និងជួយដោះស្រាយរាល់ការលំបាកគ្រប់កាលៈទេសៈ ដោយមិនប្រកាន់គណបក្សនយោបាយ មិនទុកឱ្យប្រជាពលរដ្ឋណាមួយស្លាប់ ដោយអត់អាហារដោយមិនបានដឹងនោះឡើយ។
កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា ដោយសារកត្តាប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ ទើបប្រមុខរាជរដ្ឋាភិបាលកមម្ពុជា មានលទ្ធភាពកសាងសមិទ្ធផលសង្គមនានា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងល្អៗបានគ្រប់ទីកន្លែង។
កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានសំដែងនូវការសោកស្ដាយ នូវការបាត់បង់នូវសមិទ្ធផលបម្រើឱ្យវិស័យពុទ្ធចក្រ និងជាទីកន្លែងសម្រាប់ប្រជាពុទ្ធបរិស័កគោរព ប្រតិបត្តិជារៀងតមក។
តាមរបាយការណ៍របស់លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា ក្នុងទូទាំងស្រុកមានវត្តចំនួន៣១ និងអាស្រមចំនួន២ ព្រះសង្ឃសរុប៤៣៣អង្គ គណៈកម្មការវត្ត៣០៦នាក់ អាចារ្យ៩៣នាក់។ គ្រប់ទីវត្តអារាម និងអាស្រមសុទ្ធតែមានសមិទ្ធផលបម្រើ ដល់ការគោរពប្រតិបត្តិ តាមបែបប្រពៃណីសាសនា មានព្រះវិហារ សាលាធម្មសភា កុដិថ្ម ។ល។
សូមរំលឹកថា ព្រះវិហារវត្តបឹងខ្យាង ស្ថិតនៅក្នុងឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានអគ្គីភ័យឆាបឆេះ ធ្វើឱ្យសំណង់ព្រះវិហារទ្រុឌទ្រោមទាំងស្រុង បានចំណាយកសាងអស់ថវិកា១០០លានរៀល និង៦៣២០០ដុល្លាអាមេរិក៕