(កំពង់ធំ)៖ អគារថ្មីកម្ពស់២ជាន់ត្រូវបានផ្ដល់ជូន ដល់មណ្ឌលសុខភាពតាំងក្រសាំងក្នុងស្រុកសន្ទុក ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងស្រុកនេះ។
អំណោយអាគារថ្មី២ជាន់នេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានផ្ដល់ជូន មណ្ឌលសុខភាពតាំងក្រសាំង តាមរយៈលោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសន្ទុក នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។
លោក ជា ចាន់តូ បានឲ្យដឹងថា អគារថ្មីនេះជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនដល់មណ្ឌលសុខភាពតាំងក្រសាំង ការផ្ដល់ជូននេះធ្វើឡើងបន្ទាប់ ពីមើលឃើញពីតម្រូវការចាំបាច់ ក្នុងការថែរក្សាការពារ និងការលើកសុខភាពជូនប្រជាពលរដ្ឋក្នុងតំបន់នេះ និងដើម្បីមណ្ឌលសុខភាពមានសមត្ថភាព ក្នុងការពិនិត្យព្យាបាលជំងឺផ្សេងៗ។
លោកបន្ដថា អគារថ្មីនឹងត្រូវសាងសង់ ជូននៅពេខាងមុខនេះ ដោយមានបណ្ដោយ៤៥ម៉ែត្រ ទទឹង១៦ម៉ែត្រ, កម្ពស់២ជាន់ និង២៨បន្ទប់។ ក្នុងនោះលោកបានសំនូមពរដល់ក្រុមគ្រូពេទ្យ សូមបង្កើនការយកចិត្តទុកដាក់ និងត្រូវមានការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ។
លោកបានបន្ថែមថា ជាមួយគ្នានេះត្រូវបន្តអប់រំប្រជាពលរដ្ឋអំពី វិធីការពារការឆ្លងរាលដាលជំងឺកូវី១៩ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក ម៉ែន ស៊ីណាត ប្រធានមណ្ឌលសុខភាពតាំងក្រសាំងឲ្យដឹងថា បច្ចុប្បន្នមណ្ឌលសុខភាព មានតម្រូវការច្រើនសម្រាប់ការពិនិត្យ និងព្យាលបាលជំងឺជូនពលរដ្ឋ ពិសេសបញ្ហាបន្ទប់ សម្រាប់ការស្នាក់នៅព្យាបាលរបស់អ្នកជំងឺ ព្រោះអគាររបស់មណ្ឌលសុខភាព សុទ្ធតែចាស់ទ្រុឌទ្រោមសល់ពីសម័យមុនៗ និងមានបន្ទប់តិចដែលជាហេតុធ្វើឲ្យខ្វះខាតបន្ទប់ ដើម្បីទទួលឲ្យអ្នកជំងឺសំរាកព្យាបាល។
លោក ម៉ែន ស៊ីណាត ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅ ចំពោះទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរ ចំពោះសុខភាពប្រជាពលរដ្ឋ។ ជាក់ស្ដែងតាមរយៈការផ្ដល់អគារថ្មី ដល់មណ្ឌលសុខភាពតាំងក្រសាំង បញ្ជាក់ថាទីណាមានការលំបាក ទីនោះមានមុខសម្ដេចទាំងទ្វេជានិច្ច។
ក្នុងការអញ្ជើញចុះពិនិត្យនេះលោក ជា ចាន់តូ ក៏ផ្ដល់ថវិកាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អ្នកជម្ងឺ និងគ្រូពេទ្យផងដែរ៕