(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួន ជនសង្ស័យពាក់ព័ន្ធករណីឆបោក និងលួចប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាវីង ចំនួន៣នាក់ ដែលតែងតែធ្វើសកម្មភាពលួចដកប្រាក់របស់ជនរងគ្រោះបានជាច្រើន មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកស៊ើបសួរ និងឈានទៅរកការចោទប្រកាន់តាមច្បាប់។
សូមបញ្ជាក់ថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានបើកប្រតិបត្តិការស្រាវជា្រវ រហូតឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆបោក និងលួចប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាវីងចំនួន៣នាក់ ដែលតែងតែធ្វើសកម្មភាពលួចដកប្រាក់ របស់ជនរងគ្រោះបានជាច្រើន។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ព្រមទាំងដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់។
លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះថា ជនសង្ស័យទាំង៣នាក់រួមមាន៖
*ទី១៖ ឈ្មោះ ប៊ុត បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មេក្លោង)។
*ទី២៖ ឈ្មោះ យន្ត ពិភព ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ (អ្នកដកលុយ)។
*ទី៣៖ ឈ្មោះ យស់ ពិទូ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២០០៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (អ្នកដកលុយ)។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆបោក និងលួចប្រាក់តាមប្រព័ន្ធវីងប្រាកដមែន ដោយប្រើវិធីលួចយកលេខកូដសម្ងាត់ពីអតិថិជន តាមរយៈ បណ្តាញសង្គមដោយក្លែងបន្លំគណនីហ្វេសប៊ុក អ្នកលក់អនទ្បាញ ហើយបានទូរស័ព្ទទៅអតិថិជននោះ ដើម្បីបានទទួលលេខកូដសម្ងាត់វីង និងវិធីមួយទៀតគឺចូលបន្លំខ្លួនធ្វើជាអតិថិជន នៅតាមភ្នាក់ងារវេរលុយ លួចថតលេខកូដសម្ងាត់អតិថិជនផ្សេងទៀតដែលកំពុងតែវេលុយ។
ក្រោយពីបានលេខកូដសម្ងាត់ និងលេខទូរស័ព្ទដែលត្រូវវេលុយរួចហើយឈ្មោះ ប៊ុត បញ្ញា បានប្រើប្រាស់កម្មវិធីមួយ ហើយឲ្យឈ្មោះ យន្ត ពិភព និងឈ្មោះ យស់ ពិទូ ទៅបើកប្រាក់តាមភ្នាក់ងារវេលុយវីង។ ពេលភ្នាក់ងារវេលុយពិនិត្យលេខទូរស័ព្ទឆែកមិនឃើញលេខជនឆបោកទេ តែបែរជាឃើញលេខអ្នកទទួលពិតប្រាកដទៅវិញ។
លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល បានចាត់ទុកថា សកម្មភាពទាំងនេះរបស់ជនសង្ស័យពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ដោយពួកគេបានប្រើបច្ចេកទេសទំនើប ហើយមិនបង្ក្រាបបាននោះទេ ប្រជាពលរដ្ឋមិនតិចឡើយ នឹងរងគ្រោះអស់លុយកាក់មិនតិចឡើយ។ លោកឧត្តមសេនីយ៍ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ គួរមានការប្រុងប្រយ័ត្ននៅពេលទៅដាក់ប្រាក់នៅតាម កន្លែងផ្ញើប្រាក់ ខ្លាចមានជនសង្ស័យលួចបន្លំនៅក្បែរនោះ ហើយលួចថតយកលេខកូដជាក់ជាមិនខាន៕