(កណ្ដាល)៖ បណ្ដុំអាជីវកម្មកសិកម្មត្រូវបានបង្កើតឡើងមានចំនួន៤ប្រភេទ ក្នុងចំណោម៨ឃុំ មាន២៤បណ្ដុំកសិករចូលរួមសរុប៧៦១គ្រួសារ ក្នុងនោះមុខរបរកសិកម្មជាច្រើន ត្រូវបានមើលឃើញថា កសិករកំពុងមមាញឹកក្នុងការដាំដុះ និងចិញ្ចឹមសត្វជាដើម ខណៈមុខរបរដែលលេចធ្លោជាងគេប្រចាំស្រុកខ្សាច់កណ្ដាល គឺមុខរបរ «ចិញ្ចឹមមាន់ស្រែ»។
មុខរបរមួយនេះ ត្រូវបានមន្ត្រីជំនាញកសិកម្មស្រុកលើកឡើងថា កសិករស្រុកនេះ មានចំណាប់ជាងគេក្នុងចំណោមមុខរបរផ្សេងទៀត ដ្បិតការចិញ្ចឹមមាន់ស្រែកំពុងវាយលុកទីផ្សារ ខណៈតម្រូវការមានការកើនឡើង។
មន្ត្រីជំនាញកសិកម្មស្រុកខ្សាច់កណ្ដាល ថ្លែងបែបនេះនៅចំពោះមុខរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទលោក ហួត ប៊ុនណារី និងចំពោះមុខលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ផ្សេងទៀត ក្នុងដំណើរធ្វើទស្សនកិច្ចជំរុញផលិតកម្មកសិកម្ម នៅឃុំសន្លុង និងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ។
លោក ហួត ប៊ុនណារី បានថ្លែងកោតសរសើរដល់កសិករទាំងឡាយ ដែលបាននិងកំពុងខិតខំកសាងបណ្ដុំអាជីវកម្មកសិកម្មនេះឡើង ដើម្បីជាប្រយោជន៍ដល់កសិករទាំងអស់ ក្នុងការផ្លាស់ប្ដូរបទពិធន៍ និងជួយគ្នាក្នុងការបង្កើនផលិតកម្មកសិកផលឲ្យបានច្រើនតាមដែកធ្វើទៅបាន។
ទន្ទឹមនឹងសារនេះលោក គង់ សោភ័ណ្ឌ បានគាំទ្រ លើកទឹកចិត្តជំរុញបន្ថែម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីយកចិត្តទុកដាក់លើវិស័យកសិកម្មឲ្យមានការរូកចំរើនឡើង និងជួយគាំទ្របន្ថែមលើជំនាញចិញ្ចឹមមាន់ស្រែ ពនរោះមុខរបរនេះបាននិងកំពុងមានសន្ទុះកើនឡើង និងមានតម្រូវការទៅផ្សារផងដែរ។
លោកអភិបាលខេត្តថែមទាំងបានលើកទឹកចិត្តដល់ប្រជាកសិករ ពិសេសថ្នាក់ដឹកនាំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អង្គការពន្លឺកុមារ ការិយាល័យជំនាញពាក់ព័ន្ធ មន្រ្ដីជំនាញ និងការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកខ្សាច់កណ្ដាល ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំគាំទ្រដល់ប្រជាពលរដ្ឋ ដោយពង្រីក និងបង្កើតប្រភេទបណ្ដុំអាជីវកម្មកសិកម្មបន្ថែមទៀតដូចជា ការចិញ្ចឹមសត្វ មានគោ ជ្រូក មាន់ ទា ជាដើមឱ្យបានគ្រប់ឃុំ ក្នុងស្រុកខ្សាច់កណ្ដាល ព្រមទាំងគ្រប់ស្រុក និងឃុំ សង្កាត់ នៅទូទាំងខេត្តកណ្ដាល ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះលោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា (RGC) និង អង្គការ IFAD ដែលបានជួយផ្ដល់មូលនិធិដល់ប្រជាកសិករ ដែលជាប្រភេទបណ្ដុំអាជីវកម្មកសិកម្មរួមមាន៖ មាន់ បន្លែ ស្រូវ និងផ្សិត នៅក្នុងស្រុកខ្សាច់កណ្ដាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អង្គការពន្លឺកុមារ ការិយាល័យជំនាញពាក់ព័ន្ធ មន្រ្ដីជំនាញ និងការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកខ្សាច់កណ្ដាល ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ខិតខំបំពេញការងារតាមតួនាទី ភារកិច្ច សហការគ្នាជួយដល់ប្រជាកសិករ បង្កើតប្រភេទបណ្ដុំអាជីវកម្មកសិកម្មបាន ០៤ប្រភេទ មាន៨ឃុំ មាន២៤បណ្ដុំកសិករចូលរួម សរុប៧៦១គ្រួសារ ៕