(ភ្នំពេញ)៖ កងពលតូចទ័ពពិសេសឆត្រយោង៩១១ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងទៅជាបញ្ជាការដ្ឋានទ័ពពិសេស ចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោកមានកម្រិតស្មើនាយកដ្ឋាន។
អនុក្រឹត្យកែសម្រួលកងពលតូចឆត្រយោង៩១១ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានគូសបញ្ជាក់ថា តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងក្របខណ្ឌចាត់តាំងរបស់បញ្ជាការដ្ឋានទ័ពពិសេសនេះ អាស្រ័យដោយក្រសួងការពារជាតិកំណត់។
សូមបញ្ជាក់ថា កងពលតូចទ័ពពិសេសឆត្រយោង៩១១ មានលោកឧត្តមសេនីយ៍ឯក ចាប ភក្តី ជាមេបញ្ជាការ។
សូមបញ្ជាក់ថា កងពលតូចទ័ពពិសេសឆត្រយោង៩១១ ត្រូវបានបង្កើតឡើងតាំងពីជំនាន់ព្រះរាជាណាចក្រកម្ពុជាទី១ នាសម័យសង្គមរាស្ត្រនិយម។ ប៉ុន្តែត្រូវរលំរលាយបាត់ឈ្មោះពីលើទឹកដីកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ចន្លោះពីខែមេសាឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩។ លុះដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២នេះ ទើបកងទ័ពឆត្រយោងរបស់ខ្មែរបានកកើតឡើងវិញជាថ្មីម្តងទៀត ក្រោមឈ្មោះថា «កងវរសេនាធំទ័ពពិសេសឆត្រយោង៩១១»។ នៅឆ្នាំ១៩៩៩ អង្គភាពទ័ពមួយនេះ បានប្រែក្លាយជាកងពលតូចទ័ពពិសេសឆត្រយោង៩១១វិញ៕