(ត្បូងឃ្មុំ)៖ ដើម្បីបានយល់នូវស្ថានភាពការប្រកបរបរ លក់ដូររបស់អាជីវករ និងដោះស្រាយបញ្ហានានា បង្កលក្ខណៈងាយស្រួលដល់បងប្អូនអាជីវករ ក្នុងសម័យកាលជំងឺកូវីដ-១៩នេះ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកមេមត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការលក់ដូររបស់អាជីវករ ធ្វើការសំណេះសំណាល ស្តាប់ពីការបញ្ហា និងសំណើរចាំបាច់មួយចំនួន ដើម្បីពិនិត្យ និងដោះស្រាយជូនអាជីវករនៅផ្សារមេមត់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ឆ្លើយតបនឹងបញ្ហាប្រឈម និងសំណូមពរ របស់អាជីវករក្នុងផ្សារមេមត់ លោក ជាម ច័ន្ទសោភ័ណ បានទទួលសំណើរ និងដោះស្រាយជូនភ្លាមៗ ដោយចាត់ឲ្យមន្ត្រីជំនាញរដ្ឋបាលខេត្ត រួមជាមួយមន្ទីរជំនាញ អាជ្ញាធរស្រុក និងម្ចាស់ផ្សារដែលដេញថ្លៃបាន ត្រូវពិនិត្យពិភាក្សារួមសហការអនុវត្តន៍អោយខានតែបាន។
ក្នុងនោះលោក អភិបាលខេត្ត បានកំណត់ឲ្យស្ដារប្រព័ន្ធលូ ក្នុងមួយឆ្នាំចំនួន៣ដង ដើម្បីបញ្ចៀសទឹកកុំឲ្យជន់លិចផ្សារនៅពេលភ្លៀងខ្លាំង, រៀបចំបញ្ហាអនាម័យ ឲ្យបានត្រឹមត្រូវ ការប្រមូលសំរាមជាទៀងទាត់ ពិសេសត្រូវប្រមូលនាពេលយប់ ដើម្បីកុំឲ្យមានការកកស្ទះប៉ះពាល់ការជួញដូររបស់អាជីវករ, រៀបចំឲ្យមានសណ្ដាប់ធ្នាប់ ដោយកំណត់ទីតាំងលក់ និងការដាក់លក់ឲ្យបានត្រឹមត្រូវ, បានរៀបចំឲ្យធ្វើផ្លូវបេតុងជុំវិញផ្សារ ពង្រីកផ្លូវក្នុងផ្សារ ពង្រឹងសន្តិសុខយាមកាមនៅពេលយប់, មួយចំណុចចុងក្រោយនោះ លោកឯកភាព លើសំណូមពរជួសជុលដំបូលផ្សារឡើងវិញ កុំឲ្យមានលិចស្រក់នៅពេលភ្លៀងធ្លាប់ ប៉ុន្តែអាជីវករទាំងអស់ ត្រូវស្រុះស្រួលគាំទ្រជួសជុលទាំងអស់គ្នា ដោយសម្លេងឯកភាព១០០% ដើម្បីបញ្ជៀសនូវការកេងចំណេញនយោបាយ ពីក្រុមអគតិមួយចំនួន។
បន្ថែមលើសពីនេះ អ្វីដែលធ្វើឲ្យអាជីវករទាំងអស់កាន់តែរីករាយ និងត្រេកអរជាងនេះទៅទៀតនោះ លោកអភិបាលខេត្ត នៅរង់ចាំទទួលដោះស្រាយបញ្ហាទាំងអស់ ជូនអាជីវករ គឺអាចទាក់ទងមកលោកផ្ទាល់, រៀបចំឲ្យមានគណៈកម្មការជ្រើសរើសឲ្យមាននូវតំណាងអាជីវករ, ហាមដាច់ខាតមិនឲ្យមានការយកថ្លៃ ភាស៊ីលើសពីសៀវភៅបន្ទុក ជាពិសេសដំណើរការដេញថ្លៃម្ចាស់ផ្សារលើកក្រោយ មន្ទីរជំនាញត្រូវរៀបចំឲ្យម្ចាស់ផ្សារដែលដេញថ្លៃបាន ទទួលខុសត្រូវទាំងកញ្ចប់ នៅះគឺទាំងអនាម័យ សន្តិសុខយាមកាម និងសណ្តាប់ធ្នាប់ ចំណែកឯផ្សារដ៍ទៃទៀតទូទាំងខេត្តត្រូវអនុវត្តដូចគ្នា ហើយបើធ្វើមិនល្អទេនោះ ឆ្នាំក្រោយមិនឲ្យដេញថ្លៃបន្តជាដាច់ខាត។
លោកក៏បានបង្ហាញទស្សនៈវិស័យ លើការពង្រីកផ្សារឲ្យល្អ ជាផ្សារទំនើប មានស្តង់ដារ មានអនាម័យល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរ ចូលមកទិញរបស់របរ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ជួយបង្កើនការលក់ដូររបស់អាជីវករ លើកកម្ពស់ជីវភាព តែអនុវត្តន៍បែបនេះបាន ទាល់តែមានការចូលរួមយល់ស្រប ពីអាជីវករទាំងអស់ផងដែរ៕