(កំពង់ធំ)៖ បន្ទាប់ពីបើកយុទ្ធនាការរយៈពេលជាង១ខែ ក្នុងការបូមទឹកជួយសង្គ្រោះស្រូវ របស់ប្រជាពលរដ្ឋក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមានការជួយអន្តរាគមន៍ពីកងអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន ស្រូវរបស់ប្រជាពលរដ្ឋជាង៣ពាន់ហិកតា បានជួយសង្គ្រោះទាន់ពេលវេលា, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក រួមទាំងប្រជាពលរដ្ឋមានភាពត្រេកអរជាអនេក និងបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចាត់ឱ្យនាយឧត្តមសេនីយ ហ៉ីង ប៊ុនហៀង ចាត់បញ្ជាកងអន្តរាគមន៍ជួយសង្គ្រោះស្រូវ របស់ពលរដ្ឋបានទាន់ពេលវេលា។
លោក ថោង ខុន បានថ្លែងអំណរគុណយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី បិទយុទ្ធនាការបូមទឹកជួយសង្គ្រោះស្រូវ ប្រជាពលរដ្ឋស្រុកបារាយណ៍ និងស្រុកតាំងគោក ពិធីនេះក៏មានការចូលរួមពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ធំ, លោកឧត្ដមសេនីយ៍ឯក ហ៊ុន ផាន់ មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ ហ៊ុន សែន និង ជាមេបញ្ជាការផ្ទាល់នៅការដ្ឋាន, លោក យិនងួន កូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន បានប្រាប់ដលប្រជាពលរដ្ឋថា សកម្មភាពដ៏ថ្លៃថ្លារបស់កងអន្តរាគមន៍ ជួយនាំទឹកស្រោចស្រពដល់ស្រូវប្រជាកសិករពេលនេះ គឺដោយមានការដឹកដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខថ្នាក់ដឹកនាំដ៏ឈ្លាវៃ ដែលតែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយសម្តេចមិនដែលទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ជួបទុក្ខលំបាកដោយគ្មានការជួយពីសម្តេចឡើយ ហើយការជួយអន្តរាគមន៍សង្គ្រោះស្រូវនាឱកាសនេះ ពិតជាបានជួយរួមចំណែកលើកស្ទួយដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈវិស័យកសិកម្មនៅក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងឱកាសនេះដែរលោក ថោង ខុន ក៏បានកោតសរសើរដល់កងអន្តរាគមន៍សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលខេត្ត រដ្ឋបាលស្រុកបារាយណ៍ ស្រុកតាំងគោក រដ្ឋបាលឃុំបារាយណ៍ ឃុំទ្រៀល ព្រមទាំងកងគ្រឿងចក្ររបស់សម្តេចតេជោ ហ៊ុន សែន ប្រចាំស្រុកបារាយណ៍ ស្រុកតាំងគោក និងផ្នែកជំនាញថ្នាក់ខេត្តនិងស្រុក រួមទាំងសប្បុរសជនផងដែរ ដែលបានសហការយ៉ាងជិតស្និទ្ធខិតខំជួយដល់ប្រជាកសិករ ក្នុងការនាំទឹកបញ្ចូលស្រែ ដោយលោកក៏ស្នើឱ្យក្រុមការងារទាំងអស់បន្តតាមដាន និងអន្តរាគមន៍ដោះស្រាយទឹកបូមទឹក ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពិសេសនៅតាមតំបន់ណាដែលខ្វះខាតទឹកខ្លាំង និងជួយសម្រួលស្តារប្រឡាយចាស់តូចៗ ដើម្បីនាំទឹកបញ្ចូលស្រែរបស់ប្រជាពលរដ្ឋ។
ឆ្លើយតបនឹងសំណូមពររបស់ប្រជាពលដ្ឋ ស្នើសុំស្តារប្រឡាយចាស់តូចៗ ដើម្បីនាំទឹកបញ្ចូលស្រែ និងស្នើសុំឲ្យបន្តធានារក្សាទឹកគ្រប់គ្រាន់ ក្នុងប្រឡាយរហូតដល់រដូវច្រូតកាត់ លោក ថោង ខុន និងលោក សុខ លូ ទទួលយកនិងចាត់ឲ្យអាជ្ញាធរមូលដ្ឋាន និងផ្នែកជំនាញពាក់ព័ន្ធចុះពិនិត្យ និងដោះស្រាយតាមផ្នែកជំនាញ និងស្ថានភាពជាក់ស្តែង ដើម្បីធ្វើយ៉ាងណាស្រោចស្រពដំណាំស្រូវ របស់ប្រជាពលរដ្ឋរហូតទទួលបានផល។
លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យប្រជាពលរដ្ឋចូលរួមអនុវត្ត ឲ្យបានម៉ឺងម៉ាត់នូវវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការការរីករាលដាលនៃជំងឺកូវីដ១៩ ថែរក្សាសុខភាពដោយការលាងសំអាតដៃ ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានោះដែរលោកអភិបាលស្រុកតាំងគោក អភិបាលស្រុកបារាយណ៍ និងប្រជាពលរដ្ឋទាំងអស់បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូន ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានចាត់វិធានការបញ្ជូនកងកម្លាំង នៃកងអន្តរាគមន៍ពិសេស ចុះមកជួយបូមទឹកបញ្ចូលប្រឡាយ និងប្រព័ន្ធធារាសាស្ត្រនានាដើម្បីបន្តនាំទៅស្រោចស្រព ស្រែស្រូវរបស់ប្រជាកសិករ ដែលបានជួបនូវការខ្វះខាតទឹកសម្រាប់ស្រោចស្រព ផលដំណាំកសិកម្មនារដូវបង្កបង្កើនផលកន្លងមក និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាណត្តិបន្តបន្ទាប់ទៀតផងដែរ។
គួរកត់សំគាល់ថា នៅក្នុងពិធីបិទយុទ្ធនាការ និងជូនដំណើរវិលត្រឡប់របស់កងអន្តរាគមន៍សម្តេចតេជោនេះ ប្រជាពលរដ្ឋបានសំដែងនូវទឹកចិត្តនឹករលឹក និងអរគុណ ដោយស្មោះដោយបាននាំមកនូវរបស់របរកំដរដៃ អនុស្សាវរិយ ជាផ្លែឈើ នំអន្សម មាន់ទា ជាច្រើនផងដែរ ។ ព្រមជាមួយនោះក្នុងការជួយសង្គ្រោះស្រូវ របស់ប្រជាពលរដ្ឋក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោកលោករដ្ឋមន្ត្រី ថោង ខុន លោក សុខ លូ និងសប្បុរសជននានា ក៏បានជួយឧបត្ថម្ភប្រេងឥន្ធនៈសរុបទាំងអស់ ២០,៦៦៩លីត្រ និងថវិកាប្រមាណ៥ពាន់ដុល្លារ។
នៅក្នុងឱកាសនេះលោក ថោង ខុន ក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋ ចូលរួម២០០នាក់ ដោយក្នុងម្នាក់ទទួលបាន សារ៉ុង០១ ថ្នាំពេទ្យ TIFFY ០៣បន្ទះ និងថវិកា ០២ម៉ឺនរៀល ជូនក្រុមអន្តរាគមន៍បូមទឹក ៣៥នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ៕