(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន លោក ថេង សុថុល បានលើកឡើងថា សម្តេចតេជោហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរ ចំពោះបងប្អូនប្រជាពលរដ្ឋ ទាំងការលះបង់នាំយកនូវសន្តិភាព មកជូនប្រជាពលរដ្ឋបានរស់នៅក្នុងភាពសុខសាន្ត និងតែងតែគិតគូរសុខទុក្ខការខ្វះខាត ចំពោះបងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋដែលមានការខ្វះខាត ក្នុងសម័យកាលកូវីដដែលកំពុងឆ្លងរាតត្បាតទូទាំងសកលលោក។
ការលើកឡើងខណៈ លោក ថេង សុថុល អញ្ជើញចូលរួមក្នុងពិធីចែកប័ណ្ណសមធម៌ និងអំណោយសប្បុរធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន១៨៦គ្រួសារ ដែលរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបរិវេណវិទ្យាល័យផ្សារដើមថ្កូវ។
លោក ថេង សុថុល ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី តែងមានទឹកចិត្តគុណធម៌ មនុស្សធម៌ប្រកប ដោយការទទួលខុសត្រូវ ក្នុងនាមជាអ្នកដឹកនាំមិនថា ចំពោះប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋបរទេស ជាក់ស្តែងកន្លងទៅដែលសម្តេច បានអនុញ្ញាតឲ្យកប៉ាល ទេសចរណ៍អន្តរជាតិមួយ បានចូលចត នៅក្នុងប្រទេសកម្ពុជា គ្រាដែលមិនមានប្រទេសណាទទួល ឲ្យ ចូលចតព្រោះព្រួយបារម្ភពីការឆ្លងនៃជំងឺកូវីដ១៩នេះជាដើម។
អភិបាលខណ្ឌចំការមន បានឲ្យដឹងថា បច្ចុប្បន្នដោយសារជំងឺកូវីដ១៩នេះ បានធ្វើឲ្យមានការប៉ះពាល់ ដល់ជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ទើបសម្តេចតេជោ ហ៊ុន សែន មានគោលនយោបាយ ឲ្យស្ថាប័នពាក់ព័ន្ធជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវស្រង់ស្ថិតិប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ ជាពិសេសអ្នកដែលទីទាល់ក្រពិតប្រាកដ ដើម្បីបានជួយសម្រាលជីវភាពការរស់នៅខ្វះខាត របស់ប្រជាពលរដ្ឋ ក្នុងខណៈដែលជំងឺកូវីដ១៩ កំពុងតែឆ្លងរាតត្បាត នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមិនរត់ចោលប្រជាពលរដ្ឋ នៅកាលៈទេសៈដែលប្រទេសជាតិ និងប្រជាពលរដ្ឋកំពុងជួបប្រទះបញ្ហា។
គួរបញ្ជាក់ថា ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩នោះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ១២៥លានដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភប្រចាំខែដល់ពួកគេ។ ដំណាក់កាលទី១ នៃការឧបត្ថម្ភនេះ ធ្វើឡើងនៅខែមិថុនា និងកក្កដា។ ក៏ប៉ុន្តែប្រសិនបើជំងឺកូវីដ១៩ មិនទាន់រលាយពីកម្ពុជាទេនោះ រាជរដ្ឋាភិបាលនឹងបន្តឧបត្ថម្ភនៅខែបន្តបន្ទាប់ទៀត។
មបញ្ជាក់ថា ក្នុងពិធីប្រគល់បណ្ណសមធម៌ ជូនប្រជាពលរដ្ឋចំនួន១៨៦គ្រួសារ រដ្ឋបាលខណ្ឌចំការមន ក៏បាននាំយកចែកជូនដល់ប្រជាពលរដ្ឋផងដែរ ដែលក្នុងមួយគ្រួសារ ទទួលបានអំណោយរួមមាន៖ អង្ករ១បាវទម្ងន់១០គីឡូក្រាម ស្ករស១គីឡូក្រាម អំបិល១គីឡូក្រាម មី៥កញ្ចប់ ទឹកត្រី១ដប ទឹកស៊ីអ៊ីវ១ដប ត្រីខ១កំប៉ុង សាប៊ូលាងដៃ១ដុំតូចទឹកអាល់កុល១ដប ម៉ាស ចំនួន១០ម៉ាស៕