(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង បានក្រើនរំលឹកដល់ក្រុមប្រឹក្សាឃុំ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាល ជំងឺកូវីដ១៩ ឲ្យបានត្រឹមត្រូវ តាមនីតិវិធីចំគោលដៅ ចំមុខសញ្ញាប្រកបដោយតម្លាភាព សម្រាប់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។
ការថ្លែងរបស់លោក តូច ប៉ូលីវ៉ា បែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២០ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំថ្នាធ្នង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២០។
លោកបានថ្លែងថា អាជ្ញាធរឃុំត្រូវពង្រឹងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរទាំងសេវាសំណូមពរ និងសេវាតម្រូវការ និងអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណៈ ហើយកងកម្លាំងទាំងអស់ត្រូវខិតខំការពារសន្តិសុខសណ្ដាប់ធ្នាប់ ឱ្យបានល្អប្រសើរជាពិសេស ត្រូវអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៩ចំណុច សម្រេចឲ្យបានជោគជ័យ។
លោកថា ត្រូវបន្តអប់រំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀន គ្រប់ប្រភេទមិនតែប៉ុណ្ណោះ ត្រូវគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន និងបើកបរត្រូវខ្សែក្រវាត់ពាក់មួកសុវត្ថិភាព ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថា ហេតុព្រមទាំងត្រូវខិតខំបង្កបង្កើនផលស្រូវ រដូវវស្សាឲ្យបានទាន់ពេលវេលា និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិផ្សេងៗ ត្រូវរកកន្លែងដែលមានសុវត្ថិភាព ខណៈមានភ្លៀងខ្យល់ម្ដងៗ។
លោកថ្លែងបន្តថា ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង បញ្ហាសតិអារម្មណ៍ និងនយោបាយរួមគ្នាគាំទ្រកម្មវិធីនយោបាយ របស់រដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕