(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញ COVID-19 ៤៨១ករណីថ្មី នាំឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៥០,៣៦៩នាក់ ដែលជា តួលេខឆ្លងច្រើនលំដាប់ទី៣ នៅក្នុងតំបន់អាស៊ីអាគេ្នយ៍ តាមពីក្រោយហ្វីលីពីន និងឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០។
ក្នុងចំណោមករណីឆ្លងថ្មីទាំងនោះ គឺសឹងតែទាំងអស់ជាករណីឆ្លងនៅតាមអគារស្នាក់នៅ សម្រាប់ពលករបរទេសដែលធ្វើការនៅសិង្ហបុរី ហើយ ក្នុងនោះទៀតសោតមាន០៥ករណី ប៉ុណ្ណោះជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍ និងបួនករណីទៀតជានាំចូលពីបរទេស។
ក្រសួងសុខាភិបាលសិង្ហបុរី មិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់ថ្មីនោះទេ ដោយនៅរក្សាចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅដដែលគឺ២៧នាក់។ ចំណែកឯ ព័ត៌មានបន្ថែម នឹង ត្រូវចេញផ្សាយនៅពេលក្រោយ៕