(ភ្នំពេញ)៖ យ៉ាងហោចណាស់មានបេក្ខជនចំនួន ២រូបទៀត របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) គឺលោក សឹង សំណាង និងលោក មួន សុខណា បានក្លាយជាបណ្ឌិតផ្នែកនីតិសាស្ត្រា (ច្បាប់) ជាផ្លូវការ ក្រោយឡើងការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិត ដោយជោគជ័យ។
សាកលវិទ្យាល័យឥន្ទ្រវិជ្ជា នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ បានរៀបចំពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិត ដល់បេក្ខជនទាំង២រូប ដែលពិធីនេះក៏មានការចូលរួមជាសក្ខីភាព ពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។ លោក សឹង សំណាង ទទួលបានពិន្ទុ «ល្អប្រសើរ» ខណៈលោក មួន សុខណា ទទួលបានពិន្ទុ «ល្អណាស់»។
* ពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត សឹង សំណាង៖
បេក្ខជនបណ្ឌិត សឹង សំណាង សិក្សាជំនាញនីតិសាធារណៈ ជំនាន់ទី៣ វគ្គ២ ការពារនិក្ខេបបទ ដែលមានប្រធានបទ ដំណើរវិវត្តន៍រដ្ឋធម្មនុញ្ញខ្មែរ និងមានសាស្ត្រាចារ្យណែនាំ ២រូបគឺ បណ្ឌិតសភាចារ្យ ខ្លូត ធីតា និងបណ្ឌិត ឡាច សំរោង។
ចំពោះសមាសភាពគណៈកម្មការវាយតម្លៃ រួមមាន៖
១៖ បណ្ឌិត ជីវ កេង (ប្រធានគណៈកម្មការ)
២៖ បណ្ឌិត អិម វិបុល (សាស្ត្រាចារ្យវាយតម្លៃទី១)
៣៖ បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី២)
៤៖ បណ្ឌិត សាវ សុខ (សាស្ត្រាចារ្យវាយតម្លៃទី៣)
៥៖ បណ្ឌិតសភាចារ្យ ខ្លូត ធីតា (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៦៖ បណ្ឌិត ឡាច សំរោង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៧៖ បណ្ឌិត ស៊ុំ ឈុំឡុង (សមាជិក និងជាលេខាកត់ត្រា)។
ក្រោយការធ្វើបទបង្ហាញរបស់បេក្ខជនបណ្ឌិត គណៈកម្មបានវាយតម្លៃខ្ពស់ និងកោតសរសើរដល់បេក្ខជនបណ្ឌិត ដែលបានលើកយកប្រធានដ៏មានអត្ថប្រយោជន៍សម្រាប់ថ្នាក់ដឹកនាំរដ្ឋ និងសង្គមជាតិ ព្រមទាំងបានចោទជាសំណួរ ហើយបេក្ខជនបណ្ឌិតបានឆ្លើយបកស្រាយយ៉ាងក្បោះក្បាយ។ ជាលទ្ធផល គណៈកម្មការវាយតម្លៃផ្តល់នូវពិន្ទុ «ល្អប្រសើរ» និងឯកភាពសម្រេចឱ្យបេក្ខជនបណ្ឌិត សឹង សំណាង ជាប់ជាស្ថាពរនៃពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិត ដោយធ្វើការកែសម្រួលលើអក្ខរាវិរុទ្ធ ដើម្បីឈានទៅរៀបចំការបោះពុម្ពនិក្ខេបបទវិទ្យាសាស្ត្រ សម្រាប់តម្កល់ជាសាធារណៈនៅតាមគ្រឹះស្ថានសិក្សានានា ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ។
* ពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត មួន សុណា៖
បេក្ខជនបណ្ឌិត មួន សុណា ជំនាញនីតិសាស្ត្រ ជំនាន់ទី៣ វគ្គ២ ការពារនិក្ខេបបទ ដែលមានប្រធានបទ សមត្ថកិច្ចអធិការកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងមានសាស្ត្រាចារ្យណែនាំ ២រូបគឺ បណ្ឌិតសភាចារ្យ ខ្លូត ធីតា និងបណ្ឌិតសភាចារ្យ សោម សុមុនី។
ចំពោះសមាសភាពគណៈកម្មការវាយតម្លៃ រួមមាន៖
១៖ បណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន (ប្រធានគណៈកម្មការ)
២៖ បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី១)
៣៖ បណ្ឌិត អិម វិបុល (សាស្ត្រាចារ្យវាយតម្លៃទី២)
៤៖ បណ្ឌិត អ៊ុំ សុភក្តិ (សាស្ត្រាចារ្យវាយតម្លៃទី៣)
៥៖ បណ្ឌិតសភាចារ្យ ខ្លូត ធីតា (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៦៖ បណ្ឌិត សោម សុមុនី (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៧៖ បណ្ឌិត ជា មុនីឫទ្ធិ (សមាជិក និងជាលេខាកត់ត្រា)។
ក្រោយការធ្វើបទបង្ហាញរបស់បេក្ខជនបណ្ឌិត គណៈកម្មបានវាយតម្លៃ និងចោទជាសំណួរ ហើយបេក្ខជនបណ្ឌិតបានឆ្លើយបកស្រាយយ៉ាងផុលផុស។ ជាលទ្ធផល គណៈកម្មការវាយតម្លៃផ្តល់នូវពិន្ទុ «ល្អណាស់» និងឯកភាពសម្រេចឱ្យបេក្ខជនបណ្ឌិត មួន សុណា ជាប់ជាស្ថាពរនៃពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិត ដោយធ្វើការកែសម្រួលលើអក្ខរាវិរុទ្ធ ខ្លឹមសារ និងឃ្លាប្រយោគ ដើម្បីឈានទៅរៀបចំការបោះពុម្ពនិក្ខេបបទវិទ្យាសាស្ត្រ សម្រាប់តម្កល់ជាសាធារណៈនៅតាមគ្រឹះស្ថានសិក្សានានា។
សូមរំលឹកថា បេក្ខជនសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ២រូបគឺ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញា ក៏បានជាប់ជាបណ្ឌិតច្បាប់ជាផ្លូវការដែរ ក្រោយឡើងការពារនិក្ខេបបទរបស់ខ្លួនដោយជោគជ័យ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ជាការកត់សម្គាល់ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សម្បូរទៅដោយអ្នកល្បីល្បាញ និងមន្ត្រីរាជការជាច្រើន ដែលបាននិងកំពុងសិក្សានៅទីនោះ៕