(កំពង់ស្ពឺ)៖ លោកបណ្ឌិត ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍នៃសហភាព័ន្ធយុវជនកម្ពុជា ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក តំណាងលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយស នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ បាននាំយកអំណោយជាស្បៀងឧបភោគ-បរិភោគ និងសម្ភារមួយចំនួន មកជូនដល់មជ្ឈមណ្ឌលកុមារកំព្រាភូមិខៃ និងមណ្ឌលកុមារកំព្រាភូមិដីអំបិល សរុបប្រមាណជិត២០០នាក់។
ពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណមណ្ឌលកុមារកំព្រាភូមិដីអំបិល ស្ថិតភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពី ដោយមានកិច្ចសហការជាមួយអាជ្ញាធគ្រប់លំដាប់ថ្នាក់ រួមពីសំណាក់លោក អុំ ដេត អភិបាលរងនៃគណៈអភិបាលស្រុកភ្នំស្រួចផងដែរ។
ក្នុងឱកាសនោះ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន៥០នាក់ និងសម្ព័ន្ធគ្រូ ពេទ្យស.ស.យ.ក សាខាខេត្តកំពង់ស្ពឺចំនួន១២នាក់ បានចុះទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់កុមារកំព្រាចំនួន២ មជ្ឈមណ្ឌលនេះ នូវសេវាពិនិត្យ និងព្យាបាលជំងឺកុមារ ជំងឺមាត់-ធ្មេញ រោគស្ត្រី ជំងឺត្រចៀក ច្រមុះ បំពង់ក អេកូសាស្ត្រ និងអប់រំសុខភាពផ្លូវចិត្តផងដែរ ។
ជាមួយគ្នានោះក្រុមគ្រូពេទ្យ និងទន្តបណ្ឌិតជំនាញៗ ផ្តល់ការអប់រំអំពីសុខភាព មាត់ ធ្មេញ អប់រំអំពីសុខភាពសាធារណៈ ជាពិសេសអំពីជំងឺកូវីដ-១៩ ។
ទន្ទឹមនឹងនោះ លោកបណ្ឌិត ហេង សុខគង់ ក៏បានពាំនាំនូវបណ្តាំសួរសុខទុក្ខ ក្តីនឹករលឹក និងការអាណិតស្រលាញ់ ពីសំណាក់លោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដល់កុមារកំព្រាទាំងអស់ដែលកំពុងស្នាក់នៅ និងរៀនសូត្រនៅក្នុងមជ្ឈមណ្ឌលទាំងពីរផងដែរសរុបប្រមាណជិត២០០នាក់ ។
លោកបណ្ឌិត ហេង សុខគង់ ក៏បានលើកឡើងពីការរីកចម្រើន និងអភិវឌ្ឍយ៉ាងលឿននៃសេដ្ឋកិច្ចកម្ពុជាក្នុងរយៈកាលជាង២១ឆ្នាំកន្លងមក ក្រោមដំបូលនៃសុខសន្តិភាព ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយ។
ឆ្នាំនេះនៅពិភពលោកកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ កម្ពុជាក៏រងនូវផលប៉ះពាល់ដល់នេះដែរ តែកម្ពុជានៅតែអាចធានាបាននូវសន្តិសុខស្បៀង និងការនាំចេញ ជាពិសេសកសិផលគួរឱ្យកត់សម្គាល់ផងដែរ ។
សូមជម្រាបថា ក្រោមការបានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង របស់លោក ហ៊ុន ម៉ានី ក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តមួយនេះលើគ្រប់វិស័យ ជាក់ស្តែងសមិទ្ធផលជាច្រើនបានលេចចេញជារូបរាងឡើងជាបន្តបន្ទាប់ដូចជាបណ្ណាល័យ សួនច្បារ កន្លែងហាត់ប្រាណ ពហុកីឡដ្ឋាន មន្ទីរពេទ្យ សាលារៀន វត្តអារ៉ាម ។ល។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះ លោកបណ្ឌិត ហេង សុខគង់ និងលោកស្រី ព្រមទាំងគណៈអធិបតីបាននាំយកនូវអំណោយរបស់លោក ហ៊ុន ម៉ានី និងលោកស្រី យឹម យៃលីន ហ៊ុន ម៉ានី ចែកជូនមណ្ឌលកុមារកំព្រាទាំងពីរ ដែលក្នុងនោះរួមមាន៖
អង្ករ១០បាវ ស្មើនិង៥០០គីឡូ មី២០កេស ទឹកត្រី២០យួរ ទឹកស៊ីអ៉ីវ២០យូរ ទឹកផ្លែឈើ៣០កេស ទឹកក្រូច១០កេស ទឹកអាគ័ររៀ១០កេស សាប៊ូទឹកលាងដៃ២០កេសធំ សៀវភៅ៨០០ក្បាល ខិត្តបណ្ណផ្សព្វផ្សាយពីវិធីបង្ការជំងឺកូវីដ១៩ ចំនួន៤០០០សន្លឹក នំស្រួយលីលី៨កេសធំ ជែលសម្រាប់លាងដៃចំនួន៥០០ដប ម៉ាសចំនួន៥០០ម៉ាសសម្រាប់អ្នកចូលរួមពាក់ ក្រៅពីនេះក៏មានការផ្តល់ជូនកុមារ និងអ្នកចូលរួមទាំងអស់នូវនំប៉័ង ទឹកសុទ្ធ ទឹកក្រូច សៀវភៅសរសេរដែលមានយុទ្ធសាស្ត្រ3Cs ចំនួនម្នាក់២ក្បាល និងថវិកាម្នាក់៥០០០រៀលផងដែរ៕