(ភ្នំពេញ)៖ ដោយក្តីអាណិតអាសូរ ចំពោះកុមារី អាយុ៥ឆ្នាំ ដែលរងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយ កាំបិតឆូតផ្ទៃមុខ ក ច្រមុះ និងដៃ កាលពីពេលថ្មីៗនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ផ្តល់ការឧបត្ថម្ភថវិកាចំនួន៥លានរៀល គ្រឿងបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ដើម្បីជួយសម្រាលការលំបាក និងការព្យាបាល កាលពីចុងសប្តាហ៍នេះ។
លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរយ៉ាងពន់ពេក ចំពោះកុមារី ឡាស់ ម៉ាវី លីយ៉ា ដែលទើបមានអាយុ៥ឆ្នាំ ហើយជួបគ្រោះថ្នាក់បែបនេះ ស្របពេលដែលម្តាយកំពុងមានផ្ទៃពោះ៨ខែផង។
លោកស្រីបានលើកទឹកចិត្ត និងផ្តាំផ្ញើឱ្យថែទាំសុខភាពឱ្យបានល្អដើម្បីសុខភាពកូនក្នុងផ្ទៃ ហើយអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងជូនពរដល់កុមារី លីយ៉ា ឆាប់បានជាសះស្បើយឡើងវិញ។
ជាមួយគ្នានោះ លោក ញ៉ង់ វ៉ាន់នី និងលោកស្រី ហុង គឹមលាន ត្រូវជាឪពុកម្តាយរបស់កុមារីរងគ្រោះ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរយកចិត្តទុកដាក់ ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្មានការរើសអើងអ្វីឡើយ៕