(ភ្នំពេញ)៖ ជនជាតិកូរ៉េ២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនឆ្លងដែនពីកម្ពុជាទៅកូរ៉េ ចំនួនជាង១គីឡូក្រាម ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់តុលាការហើយ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីបន្តនីតិវិធី។
បុរសជនជាតិកូរ៉េទាំង២នាក់នេះ ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងចូលរួមដឹកនាំសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខអាផាតមិនវីសឌឹម (WISDOM APARTMENT) ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងនោះសមត្ថកិច្ចបានរកឃើញ គ្រឿងញៀនទម្ងន់ប្រមាណជាង១គីឡូក្រាម។
ប្រតិបត្តិការនេះ បានអនុវត្តតាមបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ២នាក់ ដែលសមត្ថកិច្ចចាប់ខ្លួននេះ រួមមាន៖
១៖ ឈ្មោះ SONG MIN SOO ភេទប្រុស កើតឆ្នាំ១៩៦១ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M717071112 «មានដីកាស្វែងរកចាប់ខ្លួនរបស់នគរបាលអន្តរជាតិ(និវេទន៍ក្រហម)»។
២៖ ឈ្មោះ CHOI MIN YOUNG ភេទប្រុស កើតឆ្នាំ១៩៧០ ជនជាតិកូរ៉េ។
ចំណែកវត្ថុតាងមាន៖ ១៖ ប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ជាង 1389.53g ២/រថយន្ត ១គ្រឿង ៣/ទូរស័ព្ទ ៣គ្រឿង ៤/ជញ្ជីងថ្លឹង ២គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ និងលាក់បង្កប់គ្រឿងញៀនមួយចំនួនទៀត៕