(បន្ទាយមានជ័យ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមនឹងប្រតិភូអមដំណើរ បានអញ្ជើញជាអធិបតីប្រកាសអនុវត្តគម្រោងសាលាបៃតង ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ ការីតាសស្វីស នៅក្នុងខេត្តបន្ទាយមានជ័យ។
ពិធីនេះក៏មានការចូលរួមពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, អភិបាលរងខេត្ត, លោក ម៉ាក ក្លកល័រ នាយកប្រចាំប្រទេស អង្គការ ការីតាសស្វីស ប្រធាន មន្ទីរអប់រំ អភិបាលក្រុង-ស្រុក ប្រធានការិយាល័យក្រុង-ស្រុក លោកគ្រូ-អ្នកគ្រូ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។
លោក ម៉ាក ក្លកល័រ បានថ្លែងថា លោកពិតជាមានភាពរីករាយជាខ្លាំង ចំពោះកិច្ចសហការយ៉ាងល្អប្រសើរ ពីថ្នាក់ដឹកនាំខេត្ត ពិសេសក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្នុងការអនុវត្តគម្រោងសាលាបៃតង នៅខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ ក៏ដូចជាលើកកម្ពស់បរិស្ថានសាលារៀន ឲ្យមានបរិស្ថានស្អាត និងមានភាពបែតង។
លោក ស សុខា ក៏បានថ្លែងអំណរគុណ ចំពោះអង្គការ ការីតាសស្វីស ដែលបានជ្រើសរើស ខេត្តបន្ទាយមានជ័យ និងចំណាយថវិកាអនុវត្តសាលាបៃតង ដោយជ្រើសរើស យកចំនួន៤៥សាលារៀន ដើម្បីអនុវត្តគម្រោងនេះ។
លោក ស សុខា បានបញ្ជាក់ថា លោកនឹងយកគំរូសាលាបៃតង ដែលបានអនុវត្តរួច នៅក្នុងខេត្តបន្ទាយមានជ័យ យកទៅធ្វើការផ្សព្វផ្សាយ ដល់សាលាដ៏ទៃទៀត នៅទូទាំងប្រទេស ក្នុងការអនុវត្តសាលាបៃតង ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាលារៀន ឲ្យមានភាពស្រស់ស្អាត ប្រកបទៅដោយផាសុខភាព និងការរៀបចំ ឲ្យមានជាសួនផ្កា បង្គន់អនាម័យ កន្លែងលាងសម្អាតដៃជាដើម។
ជាមួយនឹងការអនុវត្តគម្រោង សាលាបៃតង លោក ស សុខា ក៏បានសង្កត់ធ្ងន់ថា សូមគណៈគ្រប់គ្រងសាលាទាំងអស់ ដែលត្រូវអនុវត្តគម្រោងសាលាបៃតងនេះ សូមចូលរួមអនុវត្តកម្មវីធីនេះ ឲ្យបានល្អ និងសូមគ្រប់បណ្តាសាលាទាំងអស់ ចូលរួមអនុវត្តនូវគម្រោងនេះ ដើម្បីបង្កើនសោភ័ណ្ឌភាពសាលា ប្រកបដោយទៅផាសុខភាព និងមានភាពស្រស់ស្អាត៕