(ពោធិ៍សាត់)៖ ជនបែកថ្នាំម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យ ឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាពយកភ្លើងទៅដុតផ្ទះម្តាយបង្កើតខ្លួនឯង ឆេះខ្ទេចគ្មានសល់ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
នគរបាលឱ្យដឹងថា ជនបង្កមានឈ្មោះ គឿន សារិន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុបានយកភ្លើងទៅដុតផ្ទះម្តាយបង្កើត ឈ្មោះ ខិន ពយ ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលឱ្យឆេះផ្ទះទៀមមួយខ្នង (អស់ទាំងស្រុង) ផ្ទះសង់ពីឈើ មានទំហំ ៥X៦ម៉ែត្រ ប្រក់ស័ង្កសី ជព្ជាំងក្តារ និងក្រាលក្តារ។ ដោយឡែកសំភារៈខូចខាត រួមមាន៖ អង្ករ៥០គីឡូក្រាម, លុយខ្មែរ៣លានរៀល, ខោអាវ, ចាន, ឆ្នាំង និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។
នគរបាលបន្ថែមថា ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនបង្ករ និងបានពិនិត្យឃើញថាជនបង្កមានផឹកស្រាស្រវឹង និងបានធ្វើតេស្តឃើញវិជ្ជមាន (+) គ្រឿងញៀន។
បច្ចុប្បន្នជនបង្ករត្រូវបានសមត្ថកិច្ចប៉ុស្តិ៍តាលោធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់អធិការនគរបាលស្រុកតាលោសែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕