(បន្ទាយមានជ័យ)៖ បុរសចិត្តខ្លាំងម្នាក់ វាយគ្នានៅពន្ធនាគារ មានគំនុំដក់ក្នុងចិត្ត ចេញមកវិញតាមសងសឹកកាប់មនុស្ស២នាក់ ឲ្យរបួសធ្ងន់។
ហេតុការណ៍នេះ កើតហេតុនៅវេលាម៉ោង១០៖៣០នាទីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ហើយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់ផ្សារកណ្តាល នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ស្រាវជ្រាវចាប់ឃាត់បាន នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។
នគបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីកើតហេតុ ហើយម្តាយជនរងគ្រោះ ឈ្មោះ កែវ សុខន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានប្តឹងជនសង្ស័យម្នាក់ បានធ្វើសកម្មភាពកាប់កូនប្រុសរបស់គាត់ ឈ្មោះ ផាត វណ្ណនេត អាយុ២០ឆ្នាំ បណ្តាលឲ្យរបួសត្រូវចំត្រចៀកខាងឆ្វេងចំនួន១កាំបិត និងកដៃឆ្វេងចំនួន១កាំបិត ព្រមទាំងមិត្តភ័ក្រកូន របស់គាត់ឈ្មោះ រិន ម៉ីលី ភេទប្រុស អាយុ១៨ឆ្នាំ បណ្តាលឲ្យត្រូវរបួសចំខ្នងចំនួន១កាំបិត ។
ក្រោយពីបានទទួលពាក្យបណ្តឹងហើយ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត សមត្ថកិច្ចក្រុងប៉ោយប៉ែត បើកការស្រាវជ្រាវ និងដោយមានការចង្អុលបង្ហាញ ពីជនរងគ្រោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមាន ឈ្មោះ មាស សុភ័ក្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាកម្មករ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតបានកាំបិតវែង១ដើម និងសម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
គួរបញ្ជាក់ផងដែរថា ជនសង្ស័យជាមនុស្សធ្លាប់ជក់ថ្នាំញៀនយ៉ាងសកម្ម រហូតសមត្ថកិច្ចចាប់ដាក់ពន្ធនាគារកន្លងមកផងដែរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេនិងឈ្មោះ រិន ម៉ីលី ធ្លាប់មានរឿងវាយគ្នា កាលនៅក្នុងពន្ធនាគារ និងធ្លាប់វាយគ្នានៅផ្សារអគ្គ នៅបរិវេណកាស៊ីណូ។
ដោយផ្អែកតាមបណ្តឹង របស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ។ ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ក្រុងប៉ោយប៉ែត រៀបចំសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្ត និងរៀបចំឯកសារបញ្ជូនទៅពន្ធនាគារ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ដាក់ទោសទៅតាម ផ្លូវច្បាប់ផងដែរ៕