(ភ្នំពេញ)៖ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងឲ្យដឹងថា ឆ្នាំនេះបើតាមការមើលជាក់ស្ដែងជាវិជ្ជាមានឃើញថា កម្ពុជានឹងសម្រេចបានការនាំចេញអង្ករបាន១លានតោន។
ការឲ្យដឹងរបស់លោក សុង សារ៉ន ធ្វើឡើងនៅក្នុងកិច្ចសម្ភាស កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News ក្រោមប្រធានបទស្ដីពី «ការសម្រេចគោដៅនាំចេញអង្ករ ឲ្យបាន១លានតោនរបស់កម្ពុជា»។
លោក សុង សារ៉ន បានបន្ដថា «ក្នុងនាមសហព័ន្ធស្រូវអង្ករកម្ពុជា យើងពិតជាមានក្ដីសង្ឃឹមខ្លាំង ក្នុងការសម្រេចឲ្យបានការនាំចេញអង្ករ បាន១លានតោននៅឆ្នាំនេះ ហើយក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំ និងជាសមាជិកទាំងអស់ បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីចង់ឃើញការសម្រេចឲ្យបាន១លានតោននេះ»។
លោកឲ្យដឹងថា ប្រសិនបើមានការរួបរួមគ្នា ទាំងខ្សែច្រវាក់ផ្គត់ផ្គង់ សហគមន៍កសិកម្មផលិត ក៏ដូចជារោងម៉ាស៊ីនសមាជិកយើង រដ្ឋាភិបាលរួមគ្នា យើងនឹងអាចសម្រេចបាន នៅក្នុងឆ្នាំ២០២០នេះ ស្ទើរតែគ្រប់១លានតោន។ មួយវិញទៀតបើពិនិត្យលើប្រវត្តិនៃការនាំចេញ យើងតែងតែនាំចេញនៅត្រីមាសទី២នេះ ជាង៥៥ភាគរយ បើមើលទៅលើត្រីមាសទី១ បាន៤០ម៉ឺនតោន ហើយបើវិភាគលើទិន្នន័យនៃ ប្រវត្តិសាស្រ្ដនៃការនាំចេញប្រហាក់ប្រហែល៥០ម៉ឺនតោន ដោយបានប្រមាណ៩០ម៉ឺនតោន។
លោកបញ្ជាក់ថា ចំពោះការខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា និងបងប្អូនប្រជាកសិករ គឺចង់បាន១លានតោនក្នុងឆ្នាំនេះ បើមិនមានអ្វីផ្លាស់ប្ដូរទេ យើងនឹងរៀបចំឲ្យល្អប្រសើរជាងនេះក្នុងឆ្នាំ២០២១។
លោក សុង សារ៉ន បន្ថែមថា បច្ចុប្បន្នការនាំចេញអង្កររបស់កម្ពុជានៅត្រីមាសទី១ មានភាពល្អប្រសើរ ទោះបីជាកម្ពុជាក៏ដូចជាពិភពលោក កំពុងប្រឈមនឹងបញ្ហាជំងឺកូវីដ១៩ក្ដី ហើយជាផែនការរបស់សហព័ន្ធ គឺធ្វើយ៉ាងណាជំរុញគោលនយោបាយរាជរដ្ឋាភិបាល សម្រេចនូវការនាំចេញអង្ករឲ្យបាន១លានតោន។
លោកបានបន្ដថា ក្នុងផ្នែកទីផ្សារសហព័ន្ធស្រូវអង្ករ បានធ្វើយុទ្ធសាស្រ្ដពិពិធកម្មទីផ្សារ និងយុទ្ធសាស្រ្ដពិពិធកម្មផលិតផល ដោយបានធ្វើដោយឯករាជ លើការនាំចេញលើទីផ្សារ ក្នុងនោះយុទ្ធសាស្រ្ដរបស់សហព័ន្ធ ទទួលបានចំណែកទីផ្សារអឺរ៉ុបប្រមាណ៣០ភាគរយ, ទីផ្សារចិនជាង៣០ភាគរយ, ទីផ្សារអាស៊ានជិត២០ភាគរយ និងទីផ្សារផ្សេងៗទៀត។ នេះសបញ្ជាក់ថា យើងមានជន្ទល់ទប់ព្រោះថា បើមានទីផ្សារណាប៉ះ យើងមានជន្ទល់៣ទៀតសម្រាប់ទប់ ដែលមានលទ្ធភាពនាំចេញ ជៀសជាងការពឹងលើទីផ្សារមួយ ដែលមានហានីភ័យ។
សូមជម្រាបថា កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន ៣៩៧ ៦៦០តោន ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០ ដែលមានកំណើនជាង៤១% ប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលការនាំចេញបានត្រឹមតែ ២៨១ ៥៣៨តោន។ ការនាំចេញនេះ ទទួលបានប្រាក់ចំណូលជាង ២៦៤លានដុល្លារអាមេរិក៕