(ភ្នំពេញ)៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន មានរៀបចំកិច្ចប្រជុំ ក្រុមការងារផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច (ក្រុម ឃ) ក្នុងគោលបំណង បន្តពិនិត្យដោះស្រាយបញ្ហា ដែលបានលើកឡើងដោយវិស័យឯកជន។
កិច្ចប្រជុំនេះ ដឹកនាំដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាសហប្រធានក្រុម «ឃ» ជាមួយនិងលោក Bretton G. Scaironi សហប្រធានក្រុម «ឃ» (ខាងផ្នែកឯកជន) ដោយមានការចូលរួមពីលោក លោកស្រី តំណាងក្រសួងស្ថាប័ន ជាសហសេវិកទាំងផ្នែក រាជរដ្ឋាភិបាល និងទាំងវិស័យឯកជន ព្រមទាំងតំណាងសភា-ពាណិជ្ជកម្មកម្ពុជាផងដែរ។ ពិធីនេះ ធ្វើឡើងនាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ។
អគ្គបណ្ឌិតសភាចារ្យ បានរាយការណ៍ជូនអង្គប្រជុំ ស្តីពីវិធានការផ្សេងៗ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ចំនួន៤ជុំបន្តបន្តាប់ សំដៅជួយដល់វិស័យឯកជន និង កម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសការឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ដែលជាកម្មវិធីជំនួយសង្គមមួយ ប្រកបដោយមហិច្ឆតាមិនធ្លាប់មានពីមុនមក និង គម្រោងកម្មវិធីសាច់ប្រាក់ពលកម្ម បន្ថែមលើកម្មវិធីជំនួយសង្គម ដែលមានស្រាប់នោះ។
អគ្គបណ្ឌិតសភាចារ្យ ក៏បានធ្វើការគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម “ឃ”) តែងតែដោះស្រាយបាននូវបញ្ហាជាច្រើន ដែលសុទ្ធតែជាកង្វល់របស់វិស័យឯកជន ដោយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ក្នុងពេលកន្លងមក ហើយតាមរយៈយន្តការភាពជាដៃគូគយ-ផ្នែកឯកជន និង យន្តការ ក្រុមការងារផ្នែកពន្ធដារ និង វិស័យឯកជន បញ្ហាមួយចំនួនក្នុងកម្រិតពាក់ព័ន្ធបច្ចេកទេសរបស់ក្រុមការងារ (ឃ) តែង ត្រូវបានពិនិត្យ និងសម្របសម្រួល ដោះស្រាយ, ហើយបញ្ហាមួយចំនួនទៀត ដែលនៅមិនទាន់អាចស្វែងរកនូវដំណោះស្រាយនៅក្នុងកម្រិត ក្រុមការងារបច្ចេកទាំងពីរ ជាពិសេសបញ្ហាពាក់ព័ន្ធ លើបរិយាកាសវិនិយោគ ធុរៈកិច្ចរបស់វិស័យ ឯកជន នឹងត្រូវដាក់បញ្ចូលក្នុងរបៀបវារៈរបស់ក្រុមការងារ (ឃ) ដើម្បីប្រជុំពិនិត្យ និងដោះស្រាយ។
ជាក់ស្តែង, របៀបវារៈចំនួន៥ត្រូវបានលើកឡើង នៅក្នុងកិច្ចប្រជុំរបស់ក្រុម «ឃ» លើកនេះ ដើម្បីឲ្យខាងភាគីរាជរដ្ឋាភិបាលឆ្លើយតប បំភ្លឺ និងដោះស្រាយ រួមមាន៖
១៖ អត្រាការប្រាក់លើប្រាក់កម្ចីរវាងបុគ្គលទាក់ទិននានា, ២៖ ការ អនុវត្តអនុក្រឹត្យលេខ ៧៩ អនក្រ.ប្រក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងពិន័យអន្តរការណ៍ ចំពោះអំពើល្មើសទៅនឹងច្បាប់ ស្តីពីគណនេយ្យ និង សវនកម្ម, ៣៖ ការលើកទឹកចិត្ត SMEs ចំពោះវិស័យអាទិភាព, ៤៖ ការចុះបញ្ជីសមាគមអាជីវកម្មបរទេសនៅកម្ពុជា និង៥៖ ការតម្កល់ប្រាក់ចំនួន ៣,០០០ដុល្លារ សម្រាប់ការចូលមកកម្ពុជា។
ជាលទ្ធផល នៃកិច្ចប្រជុំរបស់ក្រុម «ឃ» ទទួលបានដំណោះស្រាយសមស្រប ទៅតាមចំណុចនីមួយៗ ក្នុងនោះមាន៖
១៖ អត្រាការប្រាក់លើប្រាក់កម្ចីរវាងបុគ្គលទាក់ទិននានា៖ ផ្នែកឯកជនបានស្នើឡើងថា ក្រោមអត្រាការប្រាក់ទីផ្សារដែលបានផ្សព្វផ្សាយ បុគ្គលទាក់ទិននឹងមានសេរីភាព ក្នុងការសម្រេចថាតើការប្រាក់ណាខ្លះដែលងាយស្រួលសម្រាប់ជាប្រយោជន៍នៃសហគ្រាសរបស់ខ្លួន លុះត្រាតែខ្លួនរក្សាទុកនូវឯកសារច្បាស់លាស់អំពីឥណទាន ឬបុរេប្រទានសាច់ប្រាក់ដែលខ្លួនធ្វើកិច្ចសន្យារួមគ្នា។ សេរីភាពនេះគួរមានចែងច្បាស់នៅក្នុងសារាចរណែនាំលេខ ៤៩០៩ ឬប្រកាសបន្ថែម ក្នុងរបៀបដូចគ្នា ដែលសេរីភាពនេះ មានចែងយ៉ាងច្បាស់នៅក្នុងសេចក្ដីណែនាំលេខ ១៥១ សម្រាប់បុគ្គលមិនទាក់ទិន។
បន្ទាប់ពីកិច្ចពិភាក្សា, សំណើនេះនឹងត្រូវយកទៅបន្តពិភាក្សារកដំណោះស្រាយថ្នាក់ការងារបច្ចេកទេស ដែលមានសមាសភាពពីអគ្គនាយកដ្ឋានពន្ធដារ និង តំណាងវិស័យឯកជន ដើម្បីគិតគូរក្នុងក្របខណ្ឌ/យន្តការរួម សំដៅធានាដោះស្រាយបញ្ហាប្រឈមរួមរបស់វិស័យឯកជន និង បន្តកែលម្អបរិកាសវិនិយោគរបស់ធុរជន ហើយក្រុមការងារបច្ចេកទេស នេះត្រូវរាយការណ៍អំពីវឌ្ឍនភាពជូនអង្គប្រជុំវិញក្នុងវេទិកាលើកក្រោយ ។
២៖ ការអនុវត្តអនុក្រឹត្យលេខ ៧៩ អនក្រ.ប្រក ចុះថ្ងៃទី ១ ខែ មិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងពិន័យអន្តរការណ៍ ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និង សវនកម្ម៖ តំណាងផ្នែកឯកជនបានស្នើសុំរយៈពេលអនុគ្រោះមួយ (១) ឆ្នាំ ដើម្បីអនុញ្ញាតឲ្យវិស័យឯកជនមានលទ្ធភាព និងពេលវេលាគ្រប់គ្រាន់ ក្នុងការកែប្រែ ឬផ្លាស់ប្តូរកម្មវិធីគណនេយ្យដែលអាចប្រើប្រាស់ភាសាខ្មែរ ។ ចំណែកឯការកត់ត្រា គណនីដូចជាការចុះបញ្ជីគណនី ការកត់ត្រា និងការកត់ត្រាប្រតិបត្តិការ ចូលប្រព័ន្ធគណនេយ្យ និង អាចប្រើច្រើនភាសា ដូចជា ភាសាអង់គ្លេស និង ភាសាខ្មែរ រួមទាំងការប្រើប្រាស់រូបិយបណ្ណចំរុះ ដូចជា ដុល្លារអាមេរិក និងប្រាក់រៀល។
ឆ្លើយតបករណីនេះ, សហប្រធានអង្គប្រជុំបានណែនាំ និងផ្តល់ជាគោលការណ៍ទៅក្រុមប្រឹក្សាជាតិគណនេយ្យ ដើម្បីផ្តល់ភាពទន់ភ្លន់ ដល់វិស័យឯកជនក្នុងការអនុវត្ត ច្បាប់ស្តីពីគណនេយ្យ និង សវនកម្ម ដែលត្រូវបានដាក់ឲ្យចូលជាធរមាន។ ទន្ទឹមនឹងនេះ, សហប្រធានអង្គប្រជុំបានសម្រេចផ្តល់រយៈពេលអនុគ្រោះមួយ (១) ឆ្នាំ ដើម្បីទុកពេលឲ្យវិស័យឯកជនសម្រាប់ត្រៀមខ្លួន មុននឹងអនុវត្តពិន័យអន្តរការណ៍។ ដំណោះស្រាយនេះ ត្រូវបានវិស័យឯកជនបាន សំដែង នូវអំណរសាទរចំពោះ ការសម្រេចរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ភាពទន់ភ្លន់ជាច្រើនដល់វិស័យឯកជន ជាពិសេស បានពន្យារពេលអនុវត្តពិន័យអន្តរការណ៍រយៈពេលមួយ (១)ឆ្នាំ នេះ។
៣៖ ការលើកទឹកចិត្ត SMEs ចំពោះវិស័យអាទិភាព៖ តំណាងផ្នែកឯកជនបានស្នើសូមអគ្គនាយកដ្ឋានពន្ធដារ ក្នុងការដាក់ចេញជាលិខិតណែនាំ ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ពីប្រភេទឯកសារគណនេយ្យ និង ឯកសារពាក់ព័ន្ធផ្សេងៗ (ដូចជា៖វិក្ក័យបត្រ បង្កាន់ដៃបង់ និងទទួលប្រាក់ សក្ខីបត្រចុះបញ្ជី ។ល។) ដែលសហគ្រាស SMEs គួរមាន និង គួររៀបចំដើម្បីទទួលបានការលើកទឹកចិត្ត ។
ឆ្លើយតបករណីនេះ, សហប្រធានអង្គប្រជុំបានស្នើឱ្យក្រុមប្រឹក្សាជាតិគណនេយ្យ និង អគ្គនាយកដ្ឋានពន្ធដារដើម្បីសហការគ្នារៀបចំជាសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលផ្សេងៗដើម្បីបញ្ជ្រាបការយល់ដឹងដល់វិស័យឯកជនពាក់ព័ន្ធ នឹងគោលការណ៍និងស្តង់ដារគណនេយ្យ និងវិធាននៃការធ្វើសវនកម្ម ដើម្បីធានាបាននូវតម្លាភាព និង គណនេយ្យភាព។
៤៖ ការចុះបញ្ជីសមាគមអាជីវកម្មបរទេសនៅកម្ពុជា៖ លោក Bretton G. Scaironi សហប្រធានក្រុម ឃ បានលើកឡើងថាមានសមាគមអាជីវកម្មបរទេសមួយ ចំនួន (ដូចជា៖សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា សភាពាណិជ្ជកម្មអូស្ត្រាលីនៅកម្ពុជា សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា សមាគមន៍អាជីវកម្មជប៉ុននៅកម្ពុជា ។ល។) មានបំណងចុះបញ្ជីអាជីវកម្មដោយស្របច្បាប់នៅក្នុងព្រះរាជាណា-ចក្រកម្ពុជា ប៉ុន្តែនៅក្រោមប្រព័ន្ធបច្ចុប្បន្ននេះ គឺមិនអាចទទួលបានការចុះបញ្ជីឡើយ។
បន្ទាប់ពីស្តាប់ការបកស្រាយរបស់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ សហប្រធានអង្គប្រជុំបានស្នើឱ្យតំណាង ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធទាំង ៤ គឺ៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ, ក្រសួងមហាផ្ទៃ, ក្រសួង ពាណិជ្ជកម្ម និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជួបពិភាក្សាជាមួយតំណាងខាង វិស័យឯកជន ជាពិសេស តំណាង សមាគម អាជីវកម្មបរទេសក្នុងការពិភាក្សាស្វែងរកដំណោះស្រាយ និង នីតិវិធីដែលសមស្រប។ ក្នុងតំណាក់កាល អន្តរកាល សហប្រធានអង្គប្រជុំ បានស្នើឱ្យបន្តអនុវត្តនីតិវិធីនិងយន្តការដែលមានស្រាប់ តាមរយៈការចុះបញ្ជីនៅ ក្រសួងពាណិជ្ជកម្ម និង អគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្តល់ការសម្រួលដល់ការចុះបញ្ជីសមាគមអាជីវកម្មបរទេស រហូត ដល់មានការដាក់ចេញនូវនីតិវិធីថ្មីដែលសមស្របណាមួយ ។
៥៖ ការតម្កល់ប្រាក់ចំនួន ៣០០០ ដុល្លារសម្រាប់ការចូលមកកម្ពុជា៖ សហប្រធានអង្គប្រជុំ បានសំដែងការសាទរចំពោះផ្នែកឯកជន ដែលបានស្វាគមន៍ ចំពោះវិធានការទាំងឡាយដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ជាពិសេស ក្នុងរយៈពេលថ្មីៗកន្លងមកនេះ និង បានថ្លែងអំណរគុណដល់វិស័យឯកជន ដែលបានផ្តល់នូវប្រតិកម្មភ្លាមៗដល់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងបញ្ហាប្រឈមទាំងឡាយ ក្នុងស្ថានភាពវិបត្តិដែលបណ្តាលពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ បង្កឡើងដោយជំងឺកូវីដ-១៩ នេះ។
សហប្រធានអង្គប្រជុំ ក៏បានគូសបញ្ជាក់ផងដែរថា មុនចាត់វិធានការទាំងនោះ ក្រុមការងារបានធ្វើការពិគ្រោះយោបល់ ជាមួយវិស័យឯកជន ដើម្បីធានាថា វិធានការទាំងឡាយ ដែលបានដាក់ចេញ អាចឆ្លើយតបតាមតម្រូវការធុរកិច្ច អាជីវកម្មរបស់ផ្នែកឯកជន ដោយមិនធ្វើឲ្យមានផលអាក្រក់មកលើសង្គមជាតិ, ធានាបានការងារធ្វើ, អាជីវកម្មដំណើរការ, ធានាកំណើនសេដ្ឋកិច្ច, ចំណូលរបស់ប្រជាពលរដ្ឋ, ធ្វើឲ្យវិនិយោគិន និងធុរជនថ្មីៗទៀត មើលឃើញកម្ពុជា ជាទៅតាំងសម្រាប់ធ្វើការវិនិយោគប្រកប ដោយសក្តានុពល ហើយបន្តចូលមកកម្ពុជា ក្នុងស្ថានភាពឈ្នះ-ឈ្នះ ដែលធ្វើឲ្យកម្ពុជា ក៏ទទួលបានផលប្រយោជន៍ ធុរជនក៏ទទួលបានផលប្រយោជន៍ និង ប្រជាជនក៏ទទួលបានផលប្រយោជន៍។
អំពីការស្នើសុំលិខិតធានា រាជរដ្ឋាភិបាលបានសម្រេចថា ដាក់អនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយមាន Platform ឲ្យដំណើរការតាម តំណរភ្ជាប់ក្នុងគេហទំព័រ របស់ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ទាំងការស្នើសុំ និង អនុម័ត ដើម្បីឱ្យលឿនប្រើរយៈពេល ត្រឹមតែមួយថ្ងៃ ដែលនឹងត្រូវអនុវត្តនៅដើមសប្តាហ៍ក្រោយនេះ៕