(កណ្តាល)៖ សមាគមនអតីតយុទ្ធជនកម្ពុជា និងក្រុមហ៊ុន «ផាំងផាំង» របស់កូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងលើគម្រោងលើកកម្ពស់ជីវភាពអតីតយុទ្ធជន តាមរយៈការគាំពារ និងគាំទ្រទៅលើផលិតផលកសិកម្ម ដែលផលិតដោយអតីតយុទ្ធជន។
ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម។ ក្រុមហ៊ុន «ផាំងផាំង» របស់កូរ៉េ ជាក្រុមហ៊ុនឯកទេសកសិកម្មពហុវិស័យ តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុននឹងជួយគាំទ្រដល់អតីតយុទ្ធជនក្នុងការផលិតពងទា និងសាច់ទាសរីរាង្គតាមបច្ចេកទេសពីប្រទេសកូរ៉េ ដែលធានានូវគុណភាពត្រឹមត្រូវដោយការប្រើប្រាស់ប្រភេទរុក្ខជាតិមកពីកូរ៉េជាគ្រឿងផ្សំមួយក្នុងចំណីទា។
ថ្លែងក្នុងពិធីនោះ លោកទេសរដ្ឋមន្ត្រី បានកោតសរសើរចំពោះក្រុមហ៊ុន «ផាំងផាំង» ដែលបានចូលរួមសម្រេចយុទ្ធសាស្រ្តលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជនកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តរសហការស្វែងរកដៃគូបន្ថែម និងពង្រីកកិច្ចការកសិកម្មផ្សេងៗទៀត បន្ថែមលើផលិតផលពងទា និងសាច់ទាសរីរាង្គ។ លោកក៏បានជំរុញឱ្យក្រុមហ៊ុន ជួយបង្រៀននិងបង្កើតជាកសិដ្ឋានកម្រិតគ្រួសារជូនដល់គ្រួសារអតីតយុទ្ធជន ដោយត្រូវគិតពីការដាំដុះបន្លែសរីរាង្គផងដែរ។
លោកទេសរដ្ឋមន្ត្រី បានសំណូមពរដល់ក្រុមហ៊ុនទទួលយកសមាជិកគ្រួសារអតីតយុទ្ធជន ជាកម្លាំងពលកម្មនៅកសិដ្ឋាន និងបានរៀនសូត្រពីបច្ចេកទេសសំខាន់ទាំងនេះ ដើម្បីអាចត្រលប់ទៅវិញពង្រីកការងារនៅតាមមូលដ្ឋានរបស់ពួកគាត់រៀងៗខ្លួន៕