(កំពង់ធំ)៖ ផ្ទះថ្មី២ខ្នងជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ចុះប្រគល់ជូនអតីតយុទ្ធជនចំនួន២គ្រួសារ នៅភូមិពីរផ្សេងគ្នាស្ថិតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ផ្ទះថ្មីខ្នងទី១ បានប្រគល់ជូនអតីតយុទ្ធជនពិការឈ្មោះ ស៊ិន ស្រ៊ី អាយុ ៥៨ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨២ នៅអង្គភាពវរសេនាតូចលេខ៣០ នៃយោធា ខេត្តកំពង់ធំ។ លោកបានត្រូវរបួសពិការនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៤ នៅសមរភូមិនីពេជ ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោក ស៊ិន ស្រី មានភរិយា និងកូនចំនួន ៤នាក់នៅក្នុងបន្ទុក រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ផ្ទះថ្មីខ្នងទី២៖ ជូនដល់អតីតយុទ្ធជនពិការឈ្មោះ ណាំ ហេង អាយុ ៥៩ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩៤ នៅក្នុងកងពលតូចអន្តរាគមន៍លេខ១៤ ឈរជើងនៅ ក្នុងខេត្តពោធិ៍សាត់ ហើយត្រូវបានរងរបួសពិការនៅសមរភូមិខេត្តបាត់ដំបង ដោយការជាន់មីននៅឆ្នាំ១៩៩៨។ លោក ណាំ ហេង មានភរិយា និងកូន២នាក់ នៅក្នុងបន្ទុក បច្ចុប្បន្នរស់នៅក្នុងភូមិឈូកបឹង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងឱកាសប្រគល់ផ្ទះថ្មីទាំងពីរខ្នងនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ច កាលសម្ដេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងប្រជាជន ហើយអតីតយុទ្ធជនជាអ្នក បានលះបង់សាច់ស្រស់មានគុណបំណាច់ចំពោះជាតិ និងប្រជាជន។ អតីតយុទ្ធជនគឺជាអ្នកបានលះបង់សាច់ស្រស់ឈាមស្រស់ រួមចំណែកក្នុងការ អនុវត្តនូវគោល នយោបាយ ឈ្នះ ឈ្នះ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពរហូតមកដល់សព្វថ្ងៃនេះ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ការពារខ្លួនជៀសផុតពីជម្ងឺកូវីដ១៩ ដែលកំពុងរីក រាលដាលនៅលើពិភពលោកយើងនេះ, សូមឱ្យប្រជាពលរដ្ឋបងប្អូនអតីតយុទ្ធជនខិតខំយកចិត្តទុកដាក់អនុវត្តការងារបង្កបង្កើនផលចិញ្ចឹមសត្វធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ ដោះស្រាយជីវភាពរស់នៅក្នុងគ្រួសារនីមួយៗ។

ក្នុងពិធីប្រគល់ផ្ទះខ្នងផ្ទះទី១៦៦ ជាខ្នងផ្ទះទី១៦៧នេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវអំណោយរបស់លោកឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ផ្ដល់ជូនក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៥០គីឡូក្រាម មីចំនួន ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ និងថវិកាមួយចំនួនផងដែរ។

អាជ្ញាធរដែនដីប្រជាពលរដ្ឋ និងបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន មានចិត្តរំភើបរីករាយ និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែនដែលបានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាក និងជីវភាពប្រជាពលរដ្ឋក៏ដូចជាបងប្អូនអតីតយុទ្ធជន និងសូមគាំទ្រសម្ដេចដើម្បីដឹកនាំនាវានៃកម្ពុជា ក្នុងសុខសន្តិភាពនិងការអភិវឌ្ឍន៍៕