(ភ្នំពេញ)៖ តាមការគ្រោងទុករាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «តើអ្វីជាសារប្រយោជន៍ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មាសេរីកម្ពុជា-ចិន» នៅវេលាម៉ោង០៣៖០០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ នៅនៅសាលមរតកសិល្បៈខ្មែរ ជាន់ទី៤ នៃអគារឥន្ទ្រទេវី រាជបណ្ឌិត្យសភាកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងសេចក្ដីជូនដំណឹងបានឱ្យដឹងថា សន្និសីទសារព័ត៌មាននេះ មានអញ្ជើញចូលរួមពីសំណាក់ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន រាជបណ្ឌិត្យសភាកម្ពុជា និងមានការសម្របសម្រួលដោយលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី គឺជាំង នាយករដ្ឋមន្ត្រីចិន ក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង បានសម្រេចឱ្យមានការសិក្សា ពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅ ពាណិជ្ជកម្មសរុបចំនួន១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ តាមការកំណត់។
ក្រៅពីចិន និងកូរ៉េខាងត្បូង ប្រទេសកម្ពុជា ក៏គ្រោងនឹងធ្វើការចរចាយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗទៀត តួយ៉ាងប្រទេសអង់គ្លេស, អាមេរិក, ជប៉ុន, ម៉ុងហ្គោលី, ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU)។ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU) មានសមាជិកចំនួន៥ គឺប្រទេសអាមេនី, បេឡារុស, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន និងសហព័ន្ធរុស្ស៊ី។ ត្រង់ចំណុចនេះ ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារ ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាជាមួយប្រទេសគោលដៅទាំងអស់នេះរួចរាល់អស់ហើយដែរ។
គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាកិច្ចព្រមព្រៀងរវាងប្រទេសជាមួយនឹងប្រទេសមួយទៀត ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនូវទំនិញ ពាណិជ្ជកម្ម សេវាដោយសេរី មិនមានការរារាំងដោយរបាំងពន្ធ និងកាតព្វកិច្ចផ្សេងៗ។ និយាយជារួម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺសំដៅដល់ការលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នា និងគ្នាដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសផងគ្នា៕