(កណ្តាល)៖ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ឲ្យដឹងថា ថវិកា២៨លានដុល្លារអាមេរិក សម្រាប់បើកផ្តល់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ សម្រាប់ខែកក្កដា ឆ្នាំ២០២០ ដែលមានចំនួនប្រមាណ៦១ម៉ឺនគ្រួសារ ត្រូវបានទម្លាក់ទៅតាមភ្នាក់ងារវីង ទូទាំងប្រទេសរួចរាល់ហើយ។
សម្រាប់ខែកក្កដានេះ ការឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះបានកើនឡើង ពីប្រមាណជាង២៣លានដុល្លារ ដល់២៨លានដុល្លារអាមេរិក ដោយសារចំនួនគ្រួសារក្រក្រីដែលទើបទទួលបណ្ណសមធម៌ថ្មី កើនប្រមាណ៥ម៉ឺនគ្រួសារថែមទៀត។
ក្នុងឱកាសចុះជួយសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ស្តីពីដំណើរការផ្តល់ប័ណ្ណសមធម៌ ជូនពលរដ្ឋក្រីក្រ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោក ចន ណារិទ្ធ បានបញ្ជាក់ថា «មែនទែនទៅ កាលពីខែទី១ ខែមិថុនា គឺចាប់ផ្តើមបើកផ្តល់ចាប់ពីថ្ងៃទី២៥ ខែមិថុនា រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។ អីចឹងខែទី២ នេះគឺចាប់ផ្តើមពីថ្ងៃទី២៤ ខែកក្កដាតទៅ [រយៈពេល១ខែ] ដែលបងប្អូនប្រជាពលរដ្ឋយើង ដែលមានបណ្ណសមធម៌ អាចទទួលបាននូវសាច់ប្រាក់ហើយ ព្រោះសាច់ប្រាក់ហ្នឹង គឺយើងបានបញ្ជូនតាមរយៈក្រសួងសង្គមកិច្ច និងបានបញ្ជូនទៅគ្រប់ភ្នាក់ងារវីង នៅប្រទេសកម្ពុជារួចទៅហើយ»។
កម្មវិធីឧបត្ថម្ភសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងអ្នកងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ពិតជាបានសម្រួលជីវភាពក្រីក្របានមួយកម្រិត។ អ្នកទទួលផលនេះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានបង្កើតឡើងនូវកម្មវិធីនេះ។
គ្រួសារក្រីក្រដ៏កម្សត់មួយគ្រួសារ រស់នៅក្នុងភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល បានទទួលប្រាក់ឧបត្ថម្ភខែមិថុនា ម្តងរួចមកហើយ។ គាត់ក៏កំពុងត្រៀមទៅបើកប្រាក់ឧបត្ថម្ភនេះ សម្រាប់ខែកក្កដាផងដែរ។
គ្រួសារក្រីក្រដែលមានកូនប្រុសតូច២នាក់ ប្តីជាជនពិការផងដែរនោះបានរៀបរាប់ដោយទឹកភ្នែករលីងរលោងថា ការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនេះ គឺពិតជាបានជួយដល់ជីវភាពរបស់គ្រួសារគាត់ ពិសេសបានថវិកាទៅមើលជំងឺកូន។
លោក ជុំ សំអុន មេឃុំទឹកឃ្លាំង ស្រុកល្វាឯម បានបញ្ជាក់ឲ្យដឹងថា ក្នុងឃុំរបស់លោកមានគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ចំនួន៨៧គ្រួសារ សម្រាប់ខែមិថុនា និងគ្រួសារដែលទើបកំណត់អត្តសញ្ញាណទទួលបានបណ្ណសមធម៌ថ្មី មានចំនួន៣គ្រួសារថែមទៀត នៅក្នុងខែកក្កដានេះ។
លោកមេឃុំបានបញ្ជាក់ថា នៅឃុំរបស់លោកគ្មានឡើយការយកកម្រៃ ឬដកភាគរយពីប្រជាពលរដ្ឋក្រីក្រ និងគ្រួសារជនងាយរងគ្រោះ គឺថវិកាបើកតាមវីក គ្រប់ចំនួនតែម្តង។
ការបើកប្រាក់ឧបត្ថម្ភសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងអ្នកងាយរងគ្រោះដោយសារជំងឺកូវីដ១៩ សម្រាប់ខែមិថុនា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ហើយត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។ ប្រជាពលរដ្ឋជាង ៥៣ម៉ឺនគ្រួសារ បានមកបើកប្រាក់ឧបត្ថម្ភនេះ ខណៈប្រជាពលរដ្ឋជាង ២ម៉ឺនគ្រួសារមិនបានមកបើកប្រាក់នោះឡើយ។ តាមរយៈខែដំបូងនេះ ក្រុមការងាររបស់រាជរដ្ឋាភិបាលទទួល បាននូវបទពិសោធន៍ជាច្រើន និងចាត់ទុកការបើកផ្តល់សម្រាប់ខែដំបូងនេះ ជាជោគជ័យមួយផងដែរ។
រាជរដ្ឋាភិបាលបានកំណត់ជាដំណាក់ៗកាល សម្រាប់កម្មវិធីនៃឧបត្ថម្ភសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងអ្នកងាយរងគ្រោះដោយសារជំងឺកូវីដ១៩នេះ ដោយដំណាក់កាលទី១ មានរយៈពេល២ខែ គឺខែមិថុនា និង ខែកក្កដា។ បន្ទាប់ពីចប់ដំណាក់កាលទី១ នឹងឈានចូលដំណាក់កាលទី២ ដែលមានរយៈពេល២ខែ គឺខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២០ និងអាចមានបន្តបន្ទាប់ទៀត អាស្រ័យលើស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩។
សូមជម្រាបថា ក្នុងឪកាសចុះជួបសំណេះសំណាលជាមួយកសិករនៅស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីរកឃើញជាបន្តបន្ទាប់នូវគ្រួសារក្រីក្រ និងងាយរងគ្រោះក្តី ក៏រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បញ្ឈប់ដែរ គឺនៅតែបន្តរុករកថែមទៀត ដើម្បីផ្តល់ជំនួយសង្គម និងមិនឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយរាជរដ្ឋាភិបាលមិនបានដឹងនោះទេ។
សម្តេចតេជោបានថ្លែងថា ការផ្តល់ជំនួយសង្គមដល់គ្រួសារក្រីក្រ និងងាយរងគ្រោះនេះ មិនមែនធ្វើរហូតនោះទេ គឺនឹងបញ្ចប់នៅពេលជំងឺកូវីត១៩ ថមថយចុះ ហើយការផ្តល់ប្រាក់ឧបត្ថម្ភនេះ គឺក៏មិនមែនការចេញមុខចិញ្ចឹមទាំងស្រុងនោះដែរ តែគឺជាការប៉ះប៉ូវនូវអ្វីដែលខ្វះខាត និងរងផលប៉ះពាល់ប៉ុណ្ណោះ៕