(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពរបស់លោក អ៊ុក ចាន់ ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនក្រុមគ្រួសាររបស់លោក អ៊ុក ចាន់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទុកមរណភាពរបស់លោក អ៊ុក ចាន់ ជាការបាត់បង់នូវបិតាបង្កើត បិតាក្មេក ជីតា ក៏ដូចជា ឥស្សរជនមួយរូបរបស់ជាតិ ដែលបានចូលរួមចំណែកក្នុងការបម្រើជាតិមាតុភូមិ និងបានបន្សល់ទុកនូវស្នាដៃដ៏ឆ្នើមជាច្រើន ដែលជាអនុស្សាវរីយ៍ស្ថិតនៅជានិច្ចក្នុងក្រអៅបេះដូងរបស់លោក ក៏ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មករទាំងអស់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន មិនអាចបំភ្លេចបាន។
លោក ស៊ុន ចាន់ថុល និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃក្រសួង សាធារណការ និងដឹកជញ្ជូន សូមលំឱនកាយឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ុក ចាន់ បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា លោក អ៊ុក ចាន់ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ៕